រាជធានីភ្នំពេញ ៖ ពាក្យស្លោកដែលគេតែងតែឃើញតាមរយៈការផ្សព្វផ្សាយនានា ទាំងផ្ទាំងបដា តាមកញ្ចប់ទូរទស្សន៍នានាក្នុងស្រុកតែងបង្ហាញថា “បើស្រវឹងកុំបើកបរ បើបើកកុំផឹកគ្រឿងស្រវឹង” ព្រមទាំងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលតែងតែក្រើនរម្លឹកដល់ស្មារតីប្រជាពលរដ្ឋជានិច្ចថា "ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍"។
ជាងនេះសោតកាលពីម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យមនុស្សពីរនាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ដោយសាររថយន្តឡង់រ៉ូវែ បើកបរដោយយុវជនស្រវឹងជោកម្នាក់ ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុគេឃើញរថយន្តឡង់រ៉ូវែមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2w-1119 បើកបរដោយឈ្មោះ ឈន ទិត ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលគេស្គាល់ថា ជាកូនថៅកែហាងនំបុ័ង នៅផ្លូវជាតិលេខ២ បានចេញពីកម្មវិធីខួបកំណើតនៅ កោះពេជ្រ ដោយអាការៈស្រវឹងជោគ លុះទៅដល់ចំណុច កើតហេតុមុនផ្ទះលោកស្រី នុត សុខុម ស្ថិតក្នុងភូមិ ព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បានបុកជាមួយជានឹង ម៉ូតូ Honda Cub C90 ពណ៌ខៀវ ពាក់ស្លាកលេខ គ០០៥១ កច១ ជិះគ្នាពីរនាក់ ម្នាក់ឈ្មោះ ជួន រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្រុងតាខ្មៅ នឹងម្នាក់ទៀតជាស្ត្រី ឈ្មោះ សុខ ដានី ភេទស្រី អាយុ២២ឆ្នាំ រស់នៅស្រុកលើកដែក ខេត្តកណ្តាល បណ្តាលឲ្យអ្នកទាំងពីរ បានស្លាប់ដោយម្នាក់ ស្លាប់នៅកន្លែងកើតហេតុ នឹងម្នាក់ទៀតបានស្លាប់ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ ។
ក្រោយពេលហេតុសមត្ថកិច្ចចុះទៅធ្វើការវាស់វែង និងពិនិត្យជាតិអាកុល ដោយអ្នកបើករថយន្ត និងមានភាពស្រវឹងជោគ រហូតទៅដល់កម្រិតជាតិអាកុល 0,71Mg/L ។ ចំណែករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកមករក្សានៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយជាក្រោយ ៕