រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២ ត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ខ្សែ.ក ពីស្ត្រីរងគ្រោះ ។ ហេតុការណ៍ឆក់ខ្សែ.កនេះបានកើតឡើងកាលពីវេលាម៉ោង ១៣ និង ៣០នាទីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៣ នៅត្រង់ចំណុចផ្លូវប៉េតុង ខាងលិចជ្រោះបាត់ស្នេហ៍ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ជនសង្ស័យដែលត្រូវប៉ូលិសចាប់ក្របួចបាននោះទី១ឈ្មោះ ម៊ូសា ភេទប្រុស អាយុ២២ ឆ្នាំ និងទី២ឈ្មោះ អែល ហ្សាហ្វីន ភេទប្រុស អាយុ២៣ ឆ្នាំស្នាក់ អ្នកទាំងពីរជាជនជាតិខ្មែរអ៊ីស្លាម មុខរបរមិនពិត ប្រាកដស្នាក់នៅភូមិគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឬស្សីកែវ ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ប៊ុន ស្រីលីណា ភេទស្រីអាយុ២៥ឆ្នាំ ឌុបដោយបុរសម្នាក់ជាប្តីឈ្មោះ កែវ ចំរើន ភេទប្រុសអាយុ២៥ឆ្នាំ ។
ប្រភពពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបនាង និងប្តី ជិះម៉ូតូម៉ាកសង់កូរ៉េពណ៏ក្រហមពាក់ស្លាកលេខញ0114ភព១ បានធ្វើដំណើរជាមួយកូនប្រុសមកពីជប់លៀងនៅផ្ទះមិត្តភក្តិជិតផ្សារធំទួលសង្កែ ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកស្មាស់សេរីឆ្នាំ២០១២ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1AT3417 ក្នុងទិសដៅស្របទិសគ្នាបានធ្វើសកម្មភាពឆក់ខ្សែករស្លាកទីនមួយខ្សែរដែលមានទម្ងន់ ៣ ជី ហើយបម្រុងនឹងគេចខ្លួន ពេលនោះជនរងគ្រោះបានឲ្យប្រពន្ធ នឹងកូនចុះពីលើម៉ូតូហើយក៏ដេញតាមជនសង្ស័យរហូតដល់ផ្លូវលេខ598 ក៏បានធាក់ម៉ូតូជនសង្ស័យពីក្រោយបណ្ដាលឲ្យដួលពេលដែលម៉ូតូជនសង្ស័យដួល។
បច្ចុប្បន្នជនសង្ស័យទាំងពីនាក់ត្រូវបានអធិការនគបាលខណ្ឌឬស្សីកែវកំពុងក៏សាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕