ខេត្ដបាត់ដំបង ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលគេចកន្លែងហាលស្រូវតាមដងផ្លូវជាតិ បានរ៉េចង្កូតឆ្លងគំនូសផ្លូវត្រូវរថយន្ដរិទ្ធមុន្នីដឹកអ្នកដំណើរ បើកបញ្ច្រាសទិសគ្នាបុកអូសជាង២០ម៉ែត្របណ្ដាលឱ្យស្លាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៣ ចំណុចក្រុមទី៧ ភូមិ អូរតាខៀវ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ដបាត់ដំបង។
ជនរងគ្រោះស្លាប់ មានឈ្មោះសឿន ឌីន អាយុ៣៩ឆ្នាំ ជា យោធិនពិការដៃស្ដាំ របួសបែកក្បាល បាក់កនិងភ្លៅទាំងសងខាងមានទីលំនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនៈ មណ្ឌល ខេត្ដបាត់ដំបង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៦ ពាក់ស្លាកលេខបាត់ដំបង 1E-3482 ធ្វើដំណើពីកើតទៅលិច តាមដងផ្លូវមានស្រូវប្រជាពលរដ្ឋដាក់ហាលជាច្រើនបានបើកគេច ហើយរេ ម៉ូតូទៅម្ខាងផ្លូវក៏ត្រូវរថយន្ដរិទ្ធមុន្នីដឹកអ្នកដំណើរ ដែលពាក់ស្លាក លេខបាត់ដំបង3A-1541 បើកលឿនបញ្ច្រាស ទិសគ្នាបុកកិនម៉ូតូអូសជនរងគ្រោះជាង២០ម៉ែត្របណ្ដាលឱ្យស្លាប់ ភ្លាមៗតែម្ដង។ រីឯជនបង្កពេលឃើញហេតុការណ៍បែបនេះ ក៏បើកទ្វាររថយន្តគេចខ្លួនបាត់។
សពជនរងគ្រោះសមត្ថកិច្ចបានដឹកយកមកតម្កល់នៅវត្ដអំពិល៥ដើមរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សានៅអធិការស្រុករង់ចាំចំណាត់ការបន្ត៕