រាជធានីភ្នំពេញ ៖ ស្នូរកាំភ្លើង ២ គ្រាប់ទាំងកណ្តាលរាត្រី បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចេញ ពីក្នុងផ្ទះមកមើលក៏ឃើញយុវជនម្នាក់ កំពុងដេកនៅលើដី ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះកើតឡើងកាលពីវេលាម៉ោង ១២យប់ថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០១៣នៅចំណុចផ្លូវបេតុង ក្រុមទី៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ អូន ប៊ុនណាត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាព្រូរថយន្ត ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមាន ស្រុកកំណើត នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យថា ស្នូរកាំភ្លើងនេះកើតចេញពីជម្លោះក្មេងស្ទាវ និងជនរងគ្រោះនៅកន្លែងផឹកស៊ី កន្លែងកើតហេតុ ទើបបណ្តាលឲ្យមានក្មេងស្ទាវមួយក្រុមមានគ្នា ៤នាក់ ជិះម៉ូតូស៊េរីទំនើប ២គ្រឿង ប្រដាប់ដោយកាំភ្លើង ដេញវាយយុវជនរងគ្រោះ យ៉ាងប្រសាចពេញផ្លូវ រហូតដល់ ចំណុច កើតហេតុ ដោយក្រុមក្មេងស្ទាវបានចុះ វាយក្បាលជនរងគ្រោះ មួយស្នាប់កាំភ្លើង បណ្តាលឲ្យបែកក្បាល ហូរឈាមស្រោចខ្លួន សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ ទៅនគរបាលមូលដ្ឋាន ឲ្យចុះមកពិនិត្យត្រង់ចំណុចកើតហេតុ ដើម្បីចង់ដឹងពីមូលហេតុច្បាស់លាស់ ។ ភ្លាមៗនោះសមត្ថកិច្ចបាន ចុះដល់កន្លែងកើតហេតុ នឹងបានហៅរថយន្តសាមុយ មកដឹកយក ជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៊ី ។
ជុំវិញករណីឮសំឡេងផ្ទុះអាវុធនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ បាននៅឡើយថា អាចពាក់ព័ន្ធទៅនឹង ករណីអ្វី មួយ ឲ្យច្បាស់នោះទេ ប៉ុន្តែជំហានដំបូង ដែលសមត្ថកិច្ចសង្ស័យនោះ ទំនងជនរងគ្រោះទាស់ពាក្យសម្តីជាមួយ ក្រុមក្មេងស្ទាវហើយ ទើបក្រុមក្មេងស្ទាវដេញវាយ និងដកកាំភ្លើងបាញ់ គំរាមបែបនេះ ៕