ប្រទេសថៃ ៖ លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីនណាវ៉ាត់ត្រា គ្រោងនឹងបរិច្ចាគថវិការជិត៩០លានបាតទៅឲ្យប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងរងគ្រោះដោយសារតែបញ្ហាព្យុះសង្ឃរា ហៃយ៉ាន ដែលបានវាយប្រហារតំបន់ភាគកណ្តាលរបស់ហ្វីលីពីនកាលពីសប្តាហ៍មុន ។ នេះបើយោងតាមការចុះផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ។
កម្មវិធីមនុស្សធម៌នេះដឹកនាំដោយ លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីនណាវ៉ាត់ត្រា ដោយដាក់ឈ្មោះថា ពលរដ្ឋថៃជួយពលរដ្ឋហ្វីលីពីន ឬជាភាសាអង់គ្លេស Thais help Filipinos។ កាលពីយប់ម្សិលមិញរាជរដ្ឋាភិបាលថៃបានរៀបចំការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ ដើម្បីទទួលការបរិច្ចាគពីប្រជាពលរដ្ឋថៃនៅទូទាំងប្រទេស។ មកដល់ពេលនេះថវិការសរុបមានចំនួនប្រមាន៨៤លានបាត។
លោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីនណាវ៉ាត់ត្រា បាននិយាយថា នៅតែមានតម្រូវការជំនួយបន្ថែមទៀត ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋហ្វីលីពីន នាពេលនេះ។ កាលពីម្សិលមិញ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់ថៃបានអះអាងថា កងកម្លាំងប្រដាប់អាវុធប្រទេសថៃកំពុងត្រៀមខ្លួនបញ្ចូនយន្តហោះ C-130 ផ្ទុកក្រុមគ្រូពេទ្យ និងសម្ភារៈចាំបាច់ជាច្រើនទៅប្រទេសហ្វីលីពីន ដើម្បីជួយដល់ពួកអ្នករស់រានមានជីវិតពីព្យុះសង្ឃរា។
គិតត្រឹមថ្ងៃនេះ ចំនួនមនុស្សស្លាប់ដោយព្យុះសង្ឃរា ហៃយ៉ាន នៅហ្វីលីពីន បានកើនដល់ ៤៤៦០នាក់ហើយ ខណៈដែលចំនួនមនុស្សស្លាប់គេគិត ថានឹងកើនដល់ជាងមួយម៉ឺននាក់៕