យក​ងារ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ ទៅ​គំរាម​ជនរងគ្រោះ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បាន​ក្លាយជា​វប្បធម៌​ដោះស្រាយ​វិវាទ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ វប្បធម៌​យកឈ្មោះ​អ្នកមានអំណាច អ្នក​យស​សក្តិ និង​អ្នកមាន​ទឹកប្រាក់ ដើម្បី​ដោះស្រាយ​បញ្ហា​នៅតែ​ជា​ផ្នត់គំនិត​មួយ សម្រាប់​អ្នក​ដែល​ដឹងថា​ខ្លួន​ខុស​ហើយ នូវតែ​បំពាន។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត និង​រថយន្ត គ្រាន់តែ​ខូចខាត​បន្តិច​ប​ន្ទួ​ច តែ​មិន​និយាយ​សម្រុះសម្រួល​គ្នា​មិនត្រូវ បែរជាយក​ងារ​ថា ខ្លួន​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ មក​គំរាម​ជនរងគ្រោះ ធ្វើឱ្យ​សមត្ថកិច្ច​ស្ទើរ​រួញ​ក្បាល​មិន​ហ៊ាន​ទៅ​ក្បែរ ។ គ្រោះ​ថា្នក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ វេលា​ម៉ោង​ប្រមាណ ២០ និង​៣០​នាទី នៅ​ចំណុច​ក្បែរ ផ្សារ​ទំនើប​សា​ម៉ូ​ដឺ​រ៉ា ក្នុង​សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះសីហនុ ។​

 

​ជនបង្ក​ដែល​អាង​ងារ​ខ្លួន​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ មានឈ្មោះ ស៊ីថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​មានមុខរ​បរជា​អ្នកលក់ដូរ​ទៅវិញ ។ ចំណែក​ជនរងគ្រោះ​មាន ឈ្មោះ សុខ សាវ៉ាត អាយុ​៥០​ឆ្នាំ រស់នៅ​សង្កាត់​លេខ​២ ក្រុង​ខេត្ត​ព្រះសីហនុ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ។​

 

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ និង​នារី​ម្នាក់​បាន​បើករថយន្ត​ទំនើប​ម៉ាក Lexus ៤៧០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-3839 ដោយ​អ្នកបើកបរ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោក បាន​បើក​មកកាន់​ផ្សារ​ទំនើប​នេះ ក្នុង​បំណង​ទិញ​ឥ​វ៉ាន់ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​ប៉ះ​កាង​ផ្នែក​ខាងក្រោយ​រថយន្ត​មួយគ្រឿង ទៀត​ម៉ាក Lexus ៤៧០​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-0789 ដែល​កំពុង​ចត​នៅលើ​ចិញ្ចើមថ្នល់ បណ្តាលឱ្យ​មានការ​កកិត​ថ្នាំ​បន្តិច​ប​ន្ទួ​ច ។ បន្ទាប់មក​ក៏ត្រូវ​ម្ចាស់​រថយន្ត​រងគ្រោះ​ហៅ​មក​ដោះស្រាយ​គ្នា ដោយ​សន្តិវិធី តែ​បែ​ជា​អ្នកបើករថយន្ត បង្ក​ស្រែ​កអួត​ក្អេងក្អាង​ថា ខ្លួន​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ សូម្បី​ឋានៈ​ស្នងការរង​ទទួល​ផែន​ចរាចរណ៍​មិនអាច​ចាប់​ឃាត់​ខ្លួនគេ​បានឡើយ ។​

 

​គ្រាន់តែ​ឮដូចនេះ​ធ្វើឱ្យ​សមត្ថកិច្ច​រួញរា​គ្រប់គ្នា​មិន​ហ៊ាន​ធ្វើ​របាយការណ៍​ទៅកាន់​ថ្នាក់លើ​ទៀតផង ។ តែ​ដោយ​ជនរងគ្រោះ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​ផង​នោះ បាន​តម្រូវឱ្យ​សមត្ថកិច្ច ធ្វើការ​ដោះស្រាយ​ជាបន្ទាន់​មិនត្រូវ​ខ្លាច​អំណាច​របស់​ជនបង្ក​នោះឡើយ ។ បន្ទាប់មក​គេ​ឃើញ​សមត្ថកិច្ច​យក​រថយន្ត​ទាំង​២ ទៅកាន់​ការិយាល័យ នគរបាល​ចរាចរណ៍ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ទាំងយប់ ។​

17-11-2013

​បន្ទាប់ពី​ស្ទូច​រថយន្ត​ទាំងពី​ទៅ​អធិការដ្ឋាន​ហើយ ជនបង្ក​បានធ្វើ​កិច្ចសន្យា ជាមួយ​ជនរងគ្រោះ​ថា ពេល​បើកបរ​លើក​ក្រោយ បើ​ស្រវឹង​ហាម​បើកបរ ហើយ​មិន​ត្រូវយក​ងារ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ មក​ធ្វើការ​ដោះស្រាយ បញ្ហា​ផ្ទាល់ខ្លួន និង​គ្រោះថ្នាក់​ផ្សេងៗ នោះឡើយ ព្រមទាំង​ទាមទារ​ប្រាក់​ចំនួន​១០០​ដុល្លារ ។​ ​បន្ទាប់ពី​បានធ្វើ​កិច្ចសន្យា និង​ប្រគល់​ប្រាក់​រួចរាល់ ក៏បាន​នាំគ្នា​ចាកចេញ ពី​ការិយាល័យ​នគរបាល​ចរាចរណ៍ អស់​ទៅ ដោយ​សមត្ថកិច្ច​មិនបាន​ធ្វើការ​វាស់​ជាតិ​អាល់កុល និង​ធ្វើការ​ផាកពិន័យ ជនបង្ក​តាមច្បាប់​ចរាចរណ៍ ផ្លូវគោក​នោះឡើយ ៕

 

Leave a Reply

(*) Required, Your email will not be published