រាជធានីភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ័មួយបណ្តាលឲ្យយុវជន៤នាក់ រងរបួសធ្ងន់ និងស្រាល ខណៈដែលម៉ូតូមួយគ្រឿង បើកឆ្លងផ្លូវ មិនបានមើល ឆ្វេងមើលស្តាំ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលនៅខាងស្តាំដៃ យ៉ាងពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវជាតិ លេខ៤ ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
ភាគីរងរបួសខាងម៉ូតូគុបមាន ១-ឈ្មោះ ថា ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ជាអ្នកបើកបរ រងរបួសធ្ងន់ បាក់ឆ្អឹងដងកាំបិតខាងស្តាំ ២- ឈ្មោះ ជួង ផានិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ រងរបួសបែកក្បាល ពីក្រោយ ទាំង២នាក់ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៣- ឈ្មោះ អឿន ជំរឿន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សសាលា រៀនថ្នាក់ទី៨ សូមបញ្ជាក់ផងដែរថា ទាំង៣នាក់ជាបងប្អូននិងគ្នា មានស្រុកកំណើត ភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ ចំណែកភាគីខាងម៉ូតូស៊ូរ៉ូស អ្នកបើកបរមានឈ្មោះ អ៊ុក សុផា ភេទប្រុស អាយុ២១ឆ្នាំ ជាមន្ត្រីយោធា អង្គភាព៩១១ រងរបួសបែកក្បាល សន្លប់ឈឹង និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ប្រាជ្ញ វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីយោធា អង្គភាព៩១១ រងរបួសបាក់ជើងឆ្វេង ។
ប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុមាន ម៉ូតូមួយគ្រឿង ម៉ាកហុងដា គុបជ្រុង មិនចាំស្លាកលេខ ជិះគ្នា៣នាក់ក្នុងទិសដៅ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមាន យុវជន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ូរ៉ូស ពណ៌ខ្មៅ គ្នានស្លាកលេខ បើកឆ្លងពីត្បូវទៅជើង ដោយបាំងរថយន្ត មើលមិនបាន គ្រប់ជ្រុងជ្រោយ ជ្រុលទៅបុកម៉ូតូគុប យ៉ាងពេញទំហឹង បណ្តាលឲ្យមាន ជនរងគ្រោះធ្ងន់ស្រាល រហូតដល់ទៅ៥នាក់ ។
ក្រោយកើតហេតុជនរងគ្រោះទាំងអស់ ត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយពេលក្រោយ ៕