រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សស្រី២ នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ និង ៣ នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើងនៅគល់ស្ពានព្រះមុនីវង្សថ្មី ។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយនេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៥ ០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅខាងកើតគល់ស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កជាប្រភេទរថយន្តធុនធ្ងន់ដឹកសម្ភារសម្រាប់ដាក់មាន់បានបើកបរក្នុងទិសដៅឡើងស្ពានព្រះមុនីវង្សថ្មីពីលិចទៅកើត ។ ពេលចុះស្ពានស្រាប់តែរថយន្តជាន់ហ្វ្រាំងមិនស៊ី ហើយបានទៅបុកអ្នកដំណើរទាំងកំរោលតែម្តង បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ ។
ក្រោយកើតហេតុរថយន្តបង្កនិងម៉ូតូ ជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរ ជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ហើយសាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕