រាជធានីភ្នំពេញ ៖ ក្រោយពីកាស្លាប់របស់តារាចម្រៀងនាង ឈិន សុរ៉ាវី បានធ្វើអត្ដឃាតដោយចង.ក កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៤ វិច្ឆិកា ២០១៣ នៅផ្ទះល្វែងលេខ២១៤ ផ្លូវD បុរីពិភពថ្មី ក្នុងភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យដោយបន្សល់ទុកចំណារលិខិតមួយច្បាប់ ទាំងមិនអស់ចិត្ត ។ ការបាត់បង់រូបនាងបានធ្វើឲ្យក្រុមគ្រួសារ និងមត្តិរួមអាជីពជាអ្នកសិល្បៈ ព្រមទាំងសិល្បករ សិល្បការិនីជាច្រើននូវនឹកអាឡោះអាល័យ។ ទោះបីជាបែបណាក្ដី ការធ្វើអត្តឃាតគួរឱ្យភ្ញាក់ផ្អើលនេះមិនទាន់មានប្រភពណា មួយអះអាងថា បណ្ដាលមកពីមូលហេតុអ្វីជាផ្លូវការនៅឡើយទេ ។ ប៉ុន្តែគេបានដាក់ការសង្ស័យមិនផ្លូវការថា អាចបណ្ដាលមកពីវិបត្តិស្នេហា ព្រោះមុនពេលចងកសម្លាប់ខ្លួននាងមានទំនាស់ជាមួយសង្សារ ។ ជាមួយគ្នានេះ នៅមានប្រភពខ្លះមានមន្ទិលសង្ស័យថា ឈិន សុរ៉ាវី ត្រូវគេធ្វើឃាតទោះបីជាប៉ូលិសជំនាញអះអាងថា នាងធ្វើអត្តឃាតក៏ដោយ ។
ប្រភពឲ្យដឹងពីមន្ត្រីប៉ូលិសបានបង្ហាញថា នាងឈិន សុរ៉ាវី ស្នាក់ក្នុងផ្ទះនោះជាមួយប្អូនស្រីបង្កើតរបស់នាងម្នាក់ និងប្អូនស្រីជីដូនមួយម្នាក់ទៀត ។ នៅមុនពេលកើតហេតុ ឈិន សុរ៉ាវី បាននៅផ្ទះតែម្នាក់ឯង ចំណែកប្អូនស្រីបង្កើត និងប្អូនស្រីជីដូនមួយជាប់រវល់ចេញទៅក្រៅ ។ ពេលបងប្អូន២នាក់នោះត្រឡប់ចូលដល់ផ្ទះវិញទើបភ្ញាក់ ផ្អើល បន្ទាប់ពីមើលឃើញនាងឈិន សុរ៉ាវី ចងកតាមកញ្ចក់បន្ទប់ឡៅតឿ ។ ភ្លាមៗនោះគេវាយបំបែកកញ្ចក់ទ្វារចូលទៅស្រាយ ទម្លាក់ក្នុងបំណងជួយសង្គ្រោះ ប៉ុន្តែហួសពេលដោយនាងរ៉ាវី បានស្លាប់បាត់បង់ជីវិតទៅហើយ ។
ប្រភពដដែលបន្តថា នាងឈិន សុរ៉ាវី ត្រូវនគរបាលជំនាញបច្ចេកទេសនៃស្នងការដ្ឋានរាជធានី ភ្នំពេញពិនិត្យនិងធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់ ហើយលទ្ធផលបង្ហាញថា នាងធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន មិនមែនជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មឡើយ ។ ប្រភពព័ត៌មាននានាបានឱ្យដឹងថា មុនពេលចងកសម្លាប់ខ្លួននោះ គេកត់សម្គាល់ឃើញថា នាងមានរឿង ផ្ទួនៗ ដោយនៅវេលាទៀបភ្លឺថ្ងៃទី១៤ វិច្ឆិកា នាងឈិន សុរ៉ាវី បើករថយន្តបុកបង្គោលភ្លើងនៅតាមផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តរបស់នាងត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ លុះក្រោយមកទៀតនាងរ៉ាវីមានទំនាស់ជាមួយនឹងសង្សាររបស់នាង ដែលគេមិនស្គាល់អត្តសញ្ញាណ ប៉ុន្តែពុំដឹងថាដោយសាររឿងអ្វីឡើយ ។ នៅវេលាយប់ឆ្លៀតពេលដែលនាងនៅផ្ទះម្នាក់ឯងក៏ធ្វើអត្តឃាត តែម្ដង ។
នាងឈិន សុរ៉ាវី បានបន្សល់ទុកលិខិតមួយច្បាប់ដែលនាងសរសេរព្រមានថា នាងមិនលើកលែងឱ្យអ្នកដែលជាន់ឈ្លី និងកុហកនាងឡើង ។ តាមខ្លឹមសារលិខិតបានបង្ហាញភ្លើងកំហឹងរបស់នាងតាមចង ពៀរចំពោះនរណាម្នាក់ដែលនាងចាត់ទុកជាអ្នកជាន់ឈ្លី និងនិយាយមិនត្រង់ចំពោះនាង ។ ទោះបីមិនបានបង្ហាញថា ជារឿងអ្វីដែលត្រូវបានមជ្ឈដ្ឋាននានាដាក់ការសង្ស័យទៅដល់ វិបត្តិនៃជីវិតស្នេហ៍របស់នាងនឹងបុរសម្នាក់ ហើយប្រហែលជាព្រាននារីរូបនោះធ្វើបាបចិត្តនាងរហូតដល់ លែងចង់រស់ក្នុងលោកកីយ៍នេះទៀតទើបឈានដល់ការចងកសម្លាប់ខ្លួន ។
ពាក់ព័ន្ធនឹងជីវិតស្នេហាវិញ បន្ទាប់ពីប្រឡូកអាជីពសិល្បៈអស់ជាច្រើនឆ្នាំនោះ ឈិន សុរ៉ាវី បានរសាត់ខ្លួនទៅរស់នៅប្រទេសបារាំងមួយរយៈ និងលេចឮថានាងបានចងសម្ព័ន្ធស្នេហាជាមួយអាណិកជនខ្មែរ រស់នៅទីនោះ ប៉ុន្តែស្នេហាលើកដំបូងនេះមិនសមប្រកបឡើយ ។ក្រោយពីរស់នៅប្រទេសបារាំងអស់រយៈពេលប្រហែលជា២ឆ្នាំ ឈិន សុរ៉ាវី បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញជាមួយនឹងកូនប្រុស ម្នាក់ ។ស្ថិតនៅក្នុងទឹកដីកំណើតឈិន សុរ៉ាវី បានចាប់កាន់ក្បាលមេក្រូជាថ្មីឡើងវិញ ហើយនាងនៅតែមានឱកាសបង្ហាញមុខតាមឆាកប្រគំតន្ត្រីរបស់ ស្ថានីយទូរទស្សន៍នានា ។
ជាថ្មីម្តងទៀតវត្តមាននៅក្នុងស្រុកនេះឈិន សុរ៉ាវី ត្រូវបុរសម្នាក់ដែលគេសង្ស័យជាសង្សារតែងតែដើរតាមនាងស្អិត ដូចតុកកែគ្រប់កម្មវិធី ជាពិសេសកម្មវិធីប្រគំតន្ត្រីនៅតាមបណ្តាស្ថានីយទូរទស្សន៍នានា ។ ប្រហែលជា២ឆ្នាំចុងក្រោយនេះលេចឮព័ត៌មានថា ឈិន សុរ៉ាវី និងគូស្នេហ៍ឈានទៅដល់ការបែកបាក់គ្នា ហើយគេមិនដែលបានឃើញបុរសដែលតែងដើរតាមនាងគ្រប់ពេលពីមុនមកនោះ តាមហែហមនាងដូចមុនទៀតទេ ឃើញតែប្អូនពៅនាងតាមជួយកាន់សម្លៀកបំពាក់ឱ្យនាងពេលទៅសម្ដែង ម្តងៗ ។ជា រឿយៗបើទោះបីជាមានការជជីកសួរពីរឿងស្នេហាយ៉ាងណាក៏ដោយក៏ ឈិន សុរ៉ាវី មិនដែលបកស្រាយឱ្យបានច្បាស់លាស់ទេ នាងបានត្រឹមតែនិយាយយ៉ាងខ្លីថាបុរសនោះមិនមែនជាសង្សារនាងទេ ៕