ប្រទេសឥណ្ឌា ៖ រថភ្លើង១ខ្សែនៅក្នុងប្រទេសឥណ្ឌា បានបើកបោះពួយយ៉ាងលឿនចូលទៅនឹងហ្វូងដំរី១ បណ្តាលឲ្យដំរីស្ទាវ ៥ ក្បាល និងកូនដំរី២ក្បាល ងាប់ដេករដូករណែលក្បែរផ្លូវដែក និង ១០ ក្បាលផ្សេងទៀត រងរបួស ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅក្បាលព្រលប់យប់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតំបន់ព្រៃ Chapramari ភាគខាងជើង នៃប្រទេសឥណ្ឌា នេះបានយោងតាមការរាយការណ៍ពីពួកមន្ត្រីមូលដ្ឋាន ។
នេះជាលើកទី ២ ហើយដែលរថភ្លើងបានបុកហ្វូងដំរី ។ ពួកសកម្មជនអភិរក្សសត្វព្រៃ បានព្រមានទៅនឹងក្រសួងដឹកជញ្ជូន ចំពោះលទ្ធផលនៃគ្រោះថ្នាក់នេះ និងស្តីបន្ទោសពួកគេសម្រាប់ល្បឿនរថភ្លើងគ្មានដែនកំណត់ នៅក្នុងតំបន់មមាញឹក និងច្រកដំរីឆ្លងកាត់ច្រើន ។
លោក Hiten Burman រដ្ឋមន្ត្រីអភិរក្សសត្វព្រៃ West Bengal បាននិយាយថា រថភ្លើងដឹកអ្នកដំណើរដែលកំពុងបោះពួយយ៉ាងលឿន ៨០ គីឡូម៉ែត្រ/ម៉ោង បានបើកឆ្លងកាត់តំបន់ព្រៃនេះ នៅពេលនោះ វាក៏បានបើកឆ្លងកាត់ហ្វូងដំរី១ (៤០ ក្បាល) ដែលកំពុងឆ្លងកាត់ផ្លូវដែក បណ្តាលឲ្យងាប់ និងរបួសបែបនេះតែម្តង ។ លោកបន្តថា ដំរីដែលងាប់ ត្រូវបានរថភ្លើងអូសឆ្ងាយ នៅពេលឆ្មាំអភិរក្សសត្វព្រៃ និងកម្មកររថភ្លើង បានមកដល់កន្លែងកើតហេតុ ហើយប្រតិបត្តិការសង្គ្រោះក៏បានចាប់ផ្តើមផងដែរ ។
លោក Burman បញ្ជាក់រម្លឹកឲ្យដឹងថា មន្ត្រីអាជ្ញាធររថភ្លើងមិនបានអើពើម្តងហើយម្តងទៀត ចំពោះសំណើរពីនាយកដ្ឋានរបស់គាត់ ដើម្បីឲ្យរថភ្លើងកាត់បន្ថយល្បឿន នៅក្នុងតំបន់ដែលមានហ្វូងដំរីឆ្លងកាត់ច្រើន នៅស្រុក Jalpaigui ដែលមានចម្ងាយ ៦៧០ គីឡូម៉ែត្រ ពី Kolkata នៃរដ្ឋធានីឥណ្ឌា ។
សូមបញ្ជាក់ថា ដំរីរាប់សិបក្បាលបានងាប់ នៅក្នុងរយៈប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ បន្ទាប់ពីពួកវាបរាជ័យក្នុងការឆ្លងកាត់ផ្លូវដែក ដែលស្ថិតក្នុងភូមិសាស្ត្ររវាងតំបន់ព្រៃទាំងនោះ និងឧស្យានជាតិឥណ្ឌា៕