ប្រទេសចិន ៖ យោងតាមគេហទំព័រចិន zdwsxxh.blog.163.com បានបង្ហាញថា ក្មេងប្រុសម្នាក់ឈ្មោះ យ៉ាង ស៉ាវហ្វែង អាយុ ៨ ឆ្នាំ រស់នៅក្នុងភូមិដាច់ស្រយាលមួយ ក្នុងទីក្រុង Boading ភាគខាងជើងខេត្ត Hebei នៃប្រទេសចិន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះជីវិត កាលពីយប់ថ្ងៃទី ៩ វិច្ឆិកា កន្លងទៅថ្មីៗនេះ បន្ទាប់ពីឪពុកតិរច្ឆានរបស់គេបានកាត់បំពង់ករបស់គេជាមួយនឹងកាំបិត ។
យោងតាម វ៉ាង ជីង គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យនោះបានឲ្យដឹងថា ក្មេងប្រុសរូបនេះ គឺស្ថិតក្នុងអាការធ្ងន់ធ្ងរនៅពេលរូបគេត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យភ្លាមៗនោះ ប៉ុន្តែឥឡូវនេះ បានរួចផុតពីគ្រោះថ្នាក់ហើយ ។ យ៉ាងណាមិញចំពោះមូលហេតុដែលនាំឲ្យឪពុកតិរច្ឆាននេះ លើកដៃយកកាំបិតមកកាត់បំពង់កកូនប្រុសរបស់ខ្លួនបែបនេះនោះ គេមិនទាន់ដឹងនៅឡើយទេ ហើយក៏មិនដឹងថា ឪពុករូបនោះ ត្រូវប៉ូលីសចាប់ខ្លួនបាន ឬអត់នោះដែរ ៕