រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់បុរស ២ នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីម៉ូតូឌ្រីម និងរថយន្តម៉ាកឡិចស៊ីស នៅចំណុចផ្លូវបែកជា ៣ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ វិច្ឆិកា ២០១៣ នៅចំណុចផ្លូវ២៧១ កែងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជន ២នាក់ បានជិះម៉ូតូឌ្រីមC125 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CC-2465 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវបែកជា៣ ក៏ត្រូវរថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ១គ្រឿង មិនស្គាល់ស្លាកលេខ បើកបរដោយបុរសម្នាក់ ដែលធ្វើដំណើរយ៉ាងលឿនតាមផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិច បុកចំពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់សន្លប់ ចំណែកអ្នករួមដំណើររបួសស្រាល រីឯរថយន្តបង្កបានបើករត់គេចបាត់ស្រមោល។
ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវអ្នករងរបួសស្រាលដឹកយកទៅផ្ទះដោយខ្លួនឯង៕