ធ្លាយ​រឿងអាស្រូវលោក ជាប សៅ មេ​គយ​ចល័ត​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ប្រមូលលុយ​ពី​ទំនិញគេចពន្ធ​ខុសច្បាប់​នាំចូល​ពី​ក្រៅប្រទេស

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មាន​សេចក្ដីរាយការណ៍​មួយ បាន​ឲ្យ​ដឹងថា លោក ជាប សៅ មាន​តួនាទី​ជា​ប្រធានការិយាល័យ​គយ​ជើង​ទឹក នាយកដ្ឋាន​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​លើ​ដែនសមុទ្រ បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​ជាមួយ ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ខុសច្បាប់​ចូល​តាម​ដែនសមុទ្រ​យ៉ាង អនាធិបតេយ្យ​បំផុត​មិន​​ដែលមាន​ការបង្ក្រាប​ម្តងណា​ឡើយ​។​ហើយ​បើទោះបីជា​មានការ​ផ្លាស់ប្តូ​រ មេ​គយ​ចល័ត​រួច​​ហើយក៏​ដោយ ក៏​លោក ជាប សៅ នៅតែ​ជា​មនុស្ស​ត្រូវប៉ាន់ ដែល​លោក កើត សុធា​រ៉ា ជា​មេ​គយ​ចល័ត​ទើប​ឡើង​ថ្មី​ត្រូវការ ព្រោះ​លោក ជាប សៅ ជា​មន្ត្រី​ដែល​ពូកែ​កាប់​ដាវ កៀងគរ​ក្រុម​ឈ្មួញ​ឲ្យ​ចូល​បង់លុយ យកទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ​ថ្នាក់លើ​។​

 

​តាមរយៈការឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ចូល​ប្រទេស​កម្ពុជា​យ៉ាង​អនាធិបតេយ្យ​ដូចជា​នៅ​ចំណុច ផែ​ឯកជន​មួយកន្លែង​នៅ​កោះ​ខ្យង ខេត្ត​ព្រះសីហនុ គេ​សង្កេតឃើញ​ឈ្មួញ​ដែល​រកស៊ី​ដុះ​ស្លែ​នៅ​ទីនោះ​មានឈ្មោះ​ចែ​ហាក់​, ស្រី​ស​, ចែ ០២ និង​ឈ្មោះ រ៉ា បាន​នាំចូល​ទំនិញគេចពន្ធ​តាម​ផែ​ឯកជន ហើយ​លើកដាក់​ទំនិញ​គ្រប់​ប្រភេទ​យក​ស្តុក​ទុក​ក្នុង​ឃ្លាំង​របស់​ពួកគេ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​។ ក្រៅពីនោះ​អំពើ​ឃុបឃិត​រត់ពន្ធ​ប្រេងសាំង​ដែលមាន​មេ​ឈ្មួញ​ឈ្មោះ​ចែ​០២ និង​ចែ​ហាក់ លួច​នាំចូល​តាម​កោះ​ខ្យង​យកទៅ​ស្តុក​ទុក​នៅ​ទឹកដី​ខេត្តកំពត ហើយ​នាំយកទៅ​ចែកចាយ​នៅតាម​ស្ថានីយ​ប្រេង និង​តាម​ដេប៉ូ​មួយចំនួន​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្តកោះកុង ហើយ​បន្ត​នាំទៅ​លក់​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។ រីឯ​ទំនិញ​ចម្រុះ គ្រឿង​ចាប់ហួយ និង​ភេសជ្ជៈ​ជាដើម ដឹកជញ្ជូន​តាម​ទូក​ធំៗ​ត្រូវ​បង់លុយ​ឲ្យ​ក្រុម​គយ​ចល័ត​លោក​ជាប សៅ ដោយ​គ្មាន​ការត្រួតពិនិត្យ​សម្រាប់​ការបង់ពន្ធ​ចូល​រដ្ឋ​នោះឡើយ ។​

 

​ឈ្មោះ រ៉ា និង​ឈ្មោះ​តា​លាវ គឺជា​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញគេចពន្ធ​ធំជាងគេ រួមមាន​សាំង​គេចពន្ធ ប្រេងម៉ាស៊ីន ទំនិញ​ចម្រុះ គ្រឿង​ចាប់ហួយ និង​ភេសជ្ជៈ​ជាដើម ដឹកជញ្ជូន​តាម​ទូក​ធំៗ មក​ឡើង​ផែ​ផ្ទាល់ខ្លួន​នៅក្រោយ​ផ្ទះ រួច​បញ្ជូន​យកទៅ​ស្តុក​ទុក និង​បន្ត​ចែកចាយ នៅតាម​ស្ថានីយ៍​ប្រេង និង​តាម​ដេប៉ូ​មួយចំនួន នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ហើយ​បន្ត​នាំទៅ​លក់ នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។ ទូក​ធំៗ​មួយ​ជើងៗ​របស់​ឈ្មោះ រ៉ា និង​តា​លាវ បាន​ផ្ទុកទំនិញ​ជាច្រើន​ប្រភេទ ដូចជា​ប្រេងសាំង និង​ប្រេងម៉ាស៊ីន បើ​គេ​វាយតម្លៃ​ជា​ប្រាក់​ពន្ធ​វិញ មិនតិចជាង ២​ម៉ឺន​ដុល្លារ​អាមេរិក​នោះទេ​។​ទូក​ដឹកទំនិញ​របស់​ឈ្មោះ រ៉ា ​និង​តា​លាវ ដែល​នាំចូល​ទំនិញ គេចពន្ធ​ពី​ស្រុក​សៀម បាន​ចូល​ចត​ផែ​នៅក្រោយ​ផ្ទះ​របស់​ពួកគេ ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ក្នុង​មួយខែៗ មិនដឹង​ជា​ខាតបង់​ចំណូល​ពន្ធ ប៉ុន្មាន​នោះទេ ប៉ុន្តែ​លោក ជាប សៅ បែរជា​កាក់កប និង​មាន​ចំណូល​ច្រើន​សន្ធឹកសន្ធាប់ ពី​ការឃុបឃិត​ឈ្មួញ នាំចូល ទំនិញគេចពន្ធ​។ នៅ​ចំណុច​កោះ​ខ្យង និង​កោះរ៉ុង គឺជា​ទីតាំង​ដែល​ក្រុម​ឈ្មួញ ទាំង​តូច​ទាំង​ធំ នាំ​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ មក​ស្តុក​ទុក​នៅ​ទីនោះ ហើយ​បន្ត​នាំចូល​ខេត្ត​ព្រះសីហនុ ដោយ​ដឹក​តាម​ទូក​ធំៗ ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ ។​

 

​ជំនាញ​គយ​របស់លោក ជាប សៅ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្តាប់បាន​មុខសញ្ញា​ក្រុម​ឈ្មួញ ដែល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ចូល​ខេត្ត​ព្រះសីហនុ តាម​ដែនសមុទ្រ​ យ៉ាងច្បាស់​ដូច​ថ្ងៃ​រះ​។ ហើយ​ឈ្មួញ​ធំៗ​ជាច្រើន ត្រូវតែ​ទំនាក់ទំនង​ដោយផ្ទាល់ ក្នុងការ​បង់លុយ​ឬ​សុំ​ការយោគយល់ ពី​លោក ជាប សៅ ឲ្យ​ជួយ​សម្របសម្រួល ការដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​របស់​ពួកគេ រីឯ​លោក កើត សុធា​រ៉ា ដែលជា​មេ​គយ​ចល័ត ក៏បាន​ដឹង​ពី​បញ្ហា​នេះ​ផងដែរ ព្រោះ​អី​គាត់​ធ្លាប់​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ ទី​ដែលមាន​អំពើ​រត់ពន្ធ​ទំនិញ ឡើង​ដុះ​ស្លែ​ទៅហើយ.​។​

16-11-2013

​គេ​ចង់ឃើញ អគ្គ​នាយគយ​និង​រដ្ឋាករ ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង ព្រោះ​អ្វីដែល​លោក​ជាប សៅ កំពុង​ប្រព្រឹត្ត​បាន​នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន សន្ធឹកសន្ធាប់​។ ទន្ទឹម​នោះដែរ គេ​ចង់ឃើញ​អង្គភាព ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ស្រាវជ្រាវ ពី​ភាពមានបាន​របស់លោក ជាប សៅ ឡើងវិញ​ផង ព្រោះ​អំឡុង​ពេលដែល​លោក ជាប សៅ​កាន់តំណែង​ជា​មេ​គយ​ចល័ត ទទួល​ផែន​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​ទឹក គាត់​បាន​ប្រើប្រាស់​តួនាទី ទៅ​ប្រព្រឹត្ត​អំពើពុករលួយ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន តាមរយៈ​ការឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ចូលខ្លួន​ទៅ​បង់លុយ ជា​ថ្នូរ​នៃ​ការមិន​បង្ក្រាប អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ទេ​៕

 

Leave a Reply

(*) Required, Your email will not be published