បណ្តាញសង្គមដែលកំពុងពេញនិយមសម្រាប់យុវវ័យទំនាក់ទំនងបានក្លាយជាអ្នកនាំសារសម្រាប់ចែកចាយព័ត៌មាន ព្រឹត្តិការណ៍ រូបភាព ។ ចំពោះទំព័របណ្តាញសង្គមមួយដែលប្រូហ្វាល់ឈ្មោះ“សម្ដេចតេជោហ៊ុន សែន” ត្រូវបានគេផ្សព្វផ្សាយពីរឿងពុករលួយស៊ីរូង និងស្ថាប័នបក្ខពួកគ្រួសារនិយម ។ សារមួយដែលបំពេញក្នុងប្រកាសបានបញ្ជាក់ថា " ខ្ញុំបាទជាមន្ដ្រីក្រសួងសុខាភិបាលរួមទាំងបណ្ដាបញ្ញវន្ដដែលបានបញ្ចប់ការសិក្សានៅអាមេរិក អូស្ដ្រាលី និងមន្ដ្រីចូលនិវត្ដន៍មានការសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីលោក ឈា ថាំង អតីតរដ្ឋមន្ដ្រីក្រសួងសុខាភិបាលចូលនិវត្ដន៍ ហើយរដ្ឋមន្ដ្រីថ្មីកាន់តំណែងកើតមានអំពើពុករលួយ និងការបោះបង់ចោលអ្នកចេះដឹង បញ្ញវន្ដ អ្នកគ្មានបក្ខ គ្មានពួក ខណៈដែលជំទាវលោករដ្ឋមន្ដ្រីបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ក្រសួងហើយមន្ដ្រីជាច្រើនមិនពេញចិត្ដទង្វើមិនគប្បីនេះ ។
យើងខ្ញុំក៏ធ្លាប់បានខ្សឹបប្រាប់សម្ដេចតាមរយៈបណ្ដាញទំនាក់ទំនងសង្គមនៃប្រូហ្វាល់ឈ្មោះ“ សម្ដេចតេជោ ហ៊ុន សែន” ផងដែរជុំវិញអំពើពុករលួយដែលលោករដ្ឋមន្ដ្រីបច្ចុប្បន្នបានផ្ដល់អាទិភាពខ្ពស់ទៅលើលោកជំទាវរដ្ឋមន្ដ្រីគ្រប់គ្រង ទៅលើកិច្ចការងារក្នុងក្រសួងខុសពីគោលការណ៍របស់រដ្ឋាភិបាល ។
បច្ចុប្បន្នក្រោមការដឹកនាំរបស់លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង និងមានការលូកចូលកិច្ចការក្នុងក្រសួងដោយលោកជំទាវឃើញថា តាំងពីអគ្គនាយករហូត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បែរជានាំគ្នាយកក្រសួងសុខាភិបាលធ្វើជាដើម ទុនរកស៊ី បើកសាលាពេទ្យ បើកគ្លីនិក បើកក្រុមហ៊ុន បើកសិក្សាគំរោង និងប្រើឧបករណ៍ពេទ្យសំខាន់ៗរបស់មន្ទីរពេទ្យរដ្ឋ ។
ដោយឡែកមន្ដ្រីថ្នាក់អនុប្រធាន នាយកដ្ឋានជាច្រើននាក់ សុទ្ធតែមានរបបរថយន្ដ របបប្រេង របបទូរស័ព្ទ អ្នកខ្លះមានរថយន្ដ២គ្រឿងម្នាក់ឯងសម្រាប់ប្រើប្រាស់ក្នុងក្រុមគ្រួសារ និងសម្រាប់ដឹកស្រីស្នេហ៍ដើរលេងមិនបានយកមកបំពេញតម្រូវការ ឬការងាររបស់ក្រសួង ប៉ុន្ដែបញ្ហាទាំងអស់នេះ លោករដ្ឋមន្ដ្រីដូចជាមិនសូវចាប់អារម្មណ៍អាចនិយាយបានថា ពួកគេជាមនុស្សដែលលោករដ្ឋមន្ដ្រីមានទំនុកចិត្ដក៏ថាបាន ។
ពាក់ព័ន្ធនឹងករណីដេញថ្លៃគម្រោងផ្សេងៗ ខាងលទ្ធកម្មតែងតែបានឃុបឃិតគ្នាជាមួយក្រុមហ៊ុនជាដៃគូ ដើម្បីកេងយកប្រយោជន៍ក្នុងនោះបញ្ហាអចលនវត្ថុក្នុងក្រសួង ក៏បានលក់ខ្ទេចលក់ខ្ទីអស់កន្លែងខ្លះថាទុកអភិរក្ស ក៏ស្រាប់តែលក់អស់រលីងដូចគ្នា ហើយមន្ដ្រីថ្នាក់ក្រោមមិនហ៊ានសួរនាំអ្វីទេ ព្រោះពីអគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ សុទ្ធតែអះអាងថា ការងារទាំងអស់នេះជារឿងថ្នាក់លើ ដូច្នេះមន្ដ្រីថ្នាក់ក្រោមម្នាក់ៗបានត្រឹមតែមើលមុខគ្នា ជជែកគ្នាតាមតុកាហ្វេពិសេសក៏អន់ចិត្ដក្នុងនាមជាមន្ដ្រីនៅក្នុងក្រសួងសុខាភិបាល ពេលមានជំងឺទៅសម្រាកនៅមន្ទីរពេទ្យរដ្ឋខ្វះការយកចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យតម្លៃសេវា ព្យាបាលខ្ពស់ជាងពេទ្យឯកជន នេះក៏ដោយសារតែថ្នាក់ដឹកនាំក្រសួងពុំបានគិតគូររកគោលនយោបាយណាមួយដើម្បីលើកកម្ពស់ក្រុមមន្ដ្រីក្រសួងសុខាភិបាលដែលលះបង់គ្រប់បែបយ៉ាងបម្រើការងារជូនរដ្ឋនោះ ។
ក្នុងនាមមន្ដ្រីក្រសួងសុខាភិបាលក៏សំណូមពរផងដែរឱ្យថ្នាក់ដឹកនាំខាងលើ យកចិត្ដទុកដាក់ពីកំណែទម្រង់ស៊ីជម្រៅថា តើក្រសួងមួយនេះបានអនុវត្ដទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ហើយឬនៅ ពីព្រោះក្លាយទៅជាក្រសួងគ្រួសារនិយមដែលបញ្ញវន្ដមកពីក្រៅប្រទេសត្រូវបានថ្នាក់ដឹកនាំបោះបង់ចោល និងអ្នកដែលគ្មានបក្ខពួកក៏ប្រឈមនឹងការអត់ការងារធ្វើជាដើមអភិវឌ្ឍន៍តែអំពើពុករលួយដែលមិនអាចលុបបំបាត់បាន៕