ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតហ្វីណូ ១ គ្រឿង ពីស្រុកសំពៅលូន ខេត្តបាត់ដំបង យកមកលក់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ការចុះបង្ក្រាបនេះបន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនៅវេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី១៣ វិច្ឆិកា ២០១៣ លើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យមានឈ្មោះ សល់ វី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជននេះបានធ្វើសកម្មភាពលួចយកម៉ូតូមិត្តភក្តិរបស់ខ្លួនឈ្មោះ គឹម រិទ្ធសុជា ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិគីទ្បូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បន្ទាប់ពីលួចរួចបានជិះរត់គេចខ្លួនមកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយខណៈដែលទទួលបានព័ត៌មានពីនគរបាលស្រុកសំពៅលូន លោកបានចាត់តាំងកម្លាំងធ្វើការត្រួតពិនិត្យនៅលើផ្លូវជាតិលេខ៥៩ ក្រោយមកមានម៉ូតូ ១គ្រឿង ម៉ាកហ្វីណូ ពណ៌ក្រហមលាយស គ្មានស្លាកលេខ ដូចភិនភាគដែលនគរបាលស្រុកសំពៅលូន បានផ្តល់ព័ត៌មាននោះ ក៏ធ្វើការចាប់បានតែម្តង។
តាមការសាកសួរចម្លើយជនសង្ស័យឈ្មោះ សល់ វី បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ឈ្មោះ រិទ្ធសុជា មែន បន្ទាប់ពីរូបគេ និងម្ចាស់ម៉ូតូបានស្គាល់គ្នារយៈពេល ១ខែមុន រួចបានខ្ចីម៉ូតូមិត្តរបស់គេជិះចេញទៅក្រៅ និងលួចចម្លងកូនសោរទុក ហើយការធ្វើសកម្មភាពលួចយកម៉ូតូនេះ ខណៈពេលម្ចាស់ម៉ូតូទុកនៅមុខផ្ទះ រួចជិះមកស្រុកម៉ាឡៃ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។
បើតាមការឆ្លើយបំភ្លឺពីម្ចាស់ម៉ូតូ មុនពេលបាត់គេបានទុកម៉ូតូនៅមុខផ្ទះ រួចដើរចូលក្នុងផ្ទះពេលចេញមកវិញបាត់ម៉ូតូ បន្ទាប់មកក៏ប្តឹងសមត្ថកិច្ចនគរបាលស្រុកសំពៅលូន ជួយធ្វើអន្តរាគមន៍។ លោកអធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងទៀតថា ក្រោយពីធ្វើការបង្ក្រាបជនសង្ស័យបានបញ្ជូនឲ្យ លោកអនុសេនីយ៍ឯក ឈិត សេង អធិការរងនគរបាលស្រុកសំពៅលូន ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់ ចំណែកម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ ដោយមានការចូលរួមពី លោកអនុសេនីយ៍ឯក ឈិត សេង ផងដែរ៕