ខេត្ដសៀមរាប ៖ មេខ្លោងម្នាក់ ក្នុងបក្ខពួក ២ នាក់ ដែលនាំនារីខ្មែរយកទៅជួញដូរនៅប្រទេសចិននោះត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនបានម្នាក់ ខណៈដែលកំពុងធ្វើបញ្ជូននារីខ្មែរ ២នាក់ទៅដល់អាកាសយានដ្ឋានសៀមរាបត្រូវបានបែកការណ៍ ។ ហេតុការណ៍ចាប់ខ្លួនមេខ្លោងជួញដូរមនុស្សនេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចរង្វង់មូលព្រះរាជដំណាក់់ស្ដេចខាងលិចស្ទឹងសៀមរាប ។
មេខ្លោងដែលត្រូវចាប់ខ្លួននោះមានឈ្មោះ យ៉ុង សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ខេត្ដស្វាយរៀង ត្រូវបានចាប់ខ្លួន។ ចំណែកម្នាកឈ្មោះ ហួង ភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំរត់គេចខ្លួនបាត់ ។
ប្រភពពីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ដបានឱ្យដឹងថា បន្ទាប់ពីជនរងគ្រោះជានារីខ្មែរទៅដល់អាកាសយានដ្ឋានសមត្ថកិច្ច មានការសង្ស័យក៏បានហៅនារីខ្មែរទាំង២នាក់នោះមកសួរនាំហើយឆ្លើយ ថា ពួកគេត្រូវបានឈ្មោះ ហួង និងឈ្មោះ យ៉ុង សុផាត នាំយកទៅប្រទេសចិនដើម្បីទៅរៀបការប្ដីជាអ្នកមានលុយ ។
ជនរងគ្រោះ២នាក់ជានារីខ្មែរមានឈ្មោះ ធុក សុខា អាយុ២៥ឆ្នាំ និងឈ្មោះ នី សុខដា អាយុ៣៣ឆ្នាំ អ្នកទាំងពីរមានទីលំនៅខេត្ដ កំពង់ចាមដូចគ្នា ។
តាមការរៀបរាប់របសើនារីរងគ្រោះឈ្មោះ ធុក សុខា បានឲ្យដឹងថា នាងត្រូវបានមេខ្យល់ឈ្មោះ ហួង បោកយកលុយចំនួន ៣៧០ ដុល្លារទៅបាត់ហើយដោយនិយាយ ថា រូបនាងនៅក្មេងហើយមានសម្រស់ ស្រស់ស្អាតបើចង់បានស្វាមីជាសេដ្ឋី មានលុយកាក់ច្រើនទាល់តែមានលុយឱ្យគេទើបគេរកប្ដីជាសេដ្ឋីឱ្យបាន ពេលទៅដល់ប្រទេសចិន ។
ចំណែកនារីរងគ្រោះម្នាក់ទៀតឈ្មោះ នី សុខដា មានវ័យជាង ៣០ ឆ្នាំមេខ្យល់បានសន្យាឱ្យលុយទៅក្រុមគ្រួសារចំនួន ៦០០ ដុល្លារ ហើយក្រៅពីនេះមេខ្យល់បានឱ្យនាងសម្រាប់ជាប់តាមខ្លួនចំនួន ៤ ម៉ឺនរៀល និង ២០ ដុល្លារ ។
ក្រោយពីបានសួរនាំនារីរងគ្រោះទាំង ២នាក់រួចហើយសមត្ថកិច្ចបានឱ្យនារីរងគ្រោះទូរស័ព្ទទៅមេខ្យល់ថា យន្ដហោះមិនបាន ចេញទេផ្អាកជើងហោះហើរហើយណាត់មេខ្យល់ឱ្យមកទទួលនាងនៅចំណុចឃាត់ខ្លួនខាងលើ ។
ក្រោយ ចាប់ពីខ្លួនមេខ្លោងជួញដូរ មនុស្សបានហើយនោះ សមត្ថកិច្ចបាន បញ្ជូននារីរងគ្រោះទាំង២នាក់ទៅអង្គការ មួយឈ្មោះអាហ្វីស៊ីប ដើម្បីធ្វើការអប់រំ។ ចំណែកមេខ្លោងជួញដូរមនុស្សម្នាក់ ដែលចាប់ខ្លួនបានត្រូវបញ្ជូនទៅតុលាការ តាមមាត្រា១៦ដោយចោទពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន ៕