ខេត្ដតាកែវ ៖ “តើបងខុសអ្វីបានស្រីសុំលែង?” ពាក្យមួយឃ្លាដ៏មានអត្ថន័យនៅក្នុងបទចម្រៀងរបស់អធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត ត្រូវបានទំនោរទៅលើខ្សែជីវិតរបស់ពោះម៉ាយម្នាក់ នាគ្រាផ្សំដំណេក ។ ស្របពេលដែលកំពុងមានវិបត្តិផ្លូវចិត្តបែបនេះហើយ ភាគីខាងស្រីបានបញ្ឈឺចិត្តដោយនាំយកសង្សាដេកនៅផ្ទះថែមទៀត ។ភាពចម្រូងចម្រាស់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសាលាស្រុកព្រៃកប្បាសបន្ទាប់ពីកូនស្រី លែងលះជាមួយស្វាមីដោយនាងអះអាងថា ការរៀបអាពាហ៍ពិពាហ៍គឺជាការបង្ខិតបង្ខំរបស់ឪពុកម្ដាយនាងប៉ុណ្ណោះ ។
បុរសជាស្វាមីអភ័ព្វឈ្មោះ ណែម សំណាង អាយុ២១ឆ្នាំ ទើបរៀបការជាមួយនាងឈ្មោះ យ៉ាង ស្រីយ៉ា អាយុ២៣ ឆ្នាំ នៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស បានរៀបរាប់ថា គេរៀបការកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៣។ ក្រោយរៀបការរួចពិសេសនៅយប់ផ្សំដំណេកគឺបានក្រេបទឹកឃ្មុំជាធម្មតា ក៏ស្រាប់តែប្រពន្ធរបស់គេនិយាយសុំលែងលះធ្វើឱ្យរូបគាត់ជាប្ដីស្ទើរធ្លាក់ថ្លើមចេញពីខ្លួន ។ ពេលនោះគេក៏សួរទៅប្រពន្ធជាទីស្រឡាញ់ស្មើជីវិតវិញថា “តើបងខុសអ្វីបានជាអូនសុំលែង?” ភ្លាមនោះប្រពន្ធបានឆ្លើយតបវិញថា “អូនអត់ស្រឡាញ់បងបន្ដិចទេ” ការ ដែលរៀបការជាមួយ គឺធ្វើតាមការបង្ខិតបង្ខំរបស់ឪពុកម្ដាយតែប៉ុណ្ណោះ។
បុរសពោះម៉ាយប្រពន្ធសុំលែងបានបន្ដថា ក្រោយពីប្រពន្ធនិយាយមិនទាន់ចប់ស្រួលបួលផងនាងក៏រៀបចំអីវ៉ាន់ចុះទៅផ្ទះរបស់នាងដែលនៅទល់មុខនឹងផ្ទះរបស់គេ ។ ការចុះចេញពីប្ដីបែកបានមួយរយៈក៏ត្រឡប់មកវិញ ហើយនាងធ្វើបែបនេះជាច្រើនដង ។ លុះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នាង មិនដឹងយកប្រុសមកពីណានោះទេយកមកបញ្ឈឺចិត្ដនិងជិះម៉ូតូឱបចង្កេះគ្នាហើយក្រោយមកក៏ងូតទឹកក្នុងបន្ទប់ជាមួយគ្នាថែមទៀតផង ។ ចាប់តាំងពីមានប្រុសមកដល់ផ្ទះប្រពន្ធរបស់លោកកាន់តែទទូចហើយទទូចទៀតសុំលែងលះដោយនាងសុំយកតែគ្រែដេកមួយ និងឆ្នាំងបាយប៉ុណ្ណោះ ។
បុរសជាប្ដីបាននិយាយទាំងអួលដើម.កថា ព្រោះតែការឈឺចាប់ និងខ្មាសញាតិក្នុងភូមិដែលប្រពន្ធធ្លាប់ឱបជាប់ដើមទ្រូងបែរជាទៅល្អូកល្អិនជាមួយប្រុសផ្សេងលោកក៏បានសម្រេចចិត្ដចូលទៅសាលាស្រុកដើម្បី ដោះស្រាយនិងលែងលះគ្នាឱ្យដាច់ស្រេចតែម្ដងទៅ ។ ចំពោះការលែងលះលោកមិនតម្រូវឱ្យខាងស្រីសងសំណងជំងឺចិត្ដអ្វីនោះទេ ព្រោះលោកចាត់ទុកថា នេះជាផលបុណ្យពីជាតិមុនមកកំណត់ឱ្យលោកជួបស្រីដែលខ្លួនស្រឡាញ់បានត្រឹមហ្នឹង ។
ដោយឡែកនាងជាប្រពន្ធក៏បានឱ្យដឹងដែរថា នាងមិនបានយកប្រុសមករស់នៅជាមួយទេ ហើយប្រុសដែលនាងជិះម៉ូតូជាមួយនោះ គឺជាពូរបស់នាងប៉ុណ្ណោះ តែអ្វីដែលនាងមិនអាចរស់នៅ ជាមួយប្ដីបន្ដទៀតបានព្រោះតែប្ដីម្នាក់ នេះពូកែប្រើអំពើហិង្សាមកលើរូបនាងខ្លាំងណាស់ ។ អំពើហិង្សារបៀបណានោះ នាងសុំមិនធ្វើអត្ថាធិប្បាយនោះទេ ។
បើទោះបីជាភាគីខាងស្រីមិនទំលាយឱ្យដឹងពីសកម្មភាពដែលប្ដីប្រើអំពើហិង្សាលើប្រពន្ធក៏ដោយតែតាមអ្នកភូមិបង្ហើបឱ្យដឹងថា គូស្វាមីភរិយាមួយគូនេះចាប់តាំងពីរៀបអាពាហ៍ពិពាហ៍មក មិនដែលមានជម្លោះមាត់មួយមួយ.ក ឮដល់អ្នកជិតខាងនោះទេ ។ ប៉ុន្ដែអ្វីដែលខាងស្រីអះអាងថា ប្ដីប្រើអំពើហិង្សាមិនអាចរស់នៅបានហើយឈានទៅដល់ប្រពន្ធសុំលែងលះគឺគេសង្ស័យថា ព្រោះតែខាងស្រីមិនអាចទ្រាំទ្រដំណេកនឹងបុរសជាប្ដីបាន ។
ជុំវិញការបញ្ចប់អាពាពិពាហ៍ខាង លើនេះអាជ្ញាធរស្រុកព្រៃកប្បាសឱ្យដឹងថា រឿងប្ដីប្រពន្ធខាងលើនេះកើតចេញពីខាងស្រីមិនស្រឡាញ់ប្ដី បើទោះជាអាជ្ញាធរស្រុកបានសម្របសម្រួលចង់ ឱ្យត្រូវរ៉ូវគ្នាវិញក៏ដោយក៏ពួកគេមិនត្រូវគ្នាដែរ ។ អាជ្ញាធរស្រុកបានបញ្ជាក់ថា ការសុំលែងលះគ្នានេះអាជ្ញាធរស្រុកមិនមានសិទ្ធិសម្រេចនោះទេតែបើចង់ផ្ដាច់សង្វាសឬបញ្ចប់អាពាពិពាហ៍ទាល់តែអ្នកទាំង២ដឹកដៃគ្នាទៅតុលាការទើបអាចរំលត់បាន ៕