ខេត្តកំពង់ឆ្នាំង ៖ បុរសចិត្តទុយ៌សម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីប្រើអំពើហិង្សា វាយដំស្ត្រីជាប្រពន្ធជាច្រើនដៃសន្លប់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១៣ វិច្ឆិកា ២០១៣ នៅភូមិដំបូកក្រហម ឃុំផ្សារ ស្រុកបរិបូរណ៌ ។
ស្ត្រីរងគ្រោះមានឈ្មោះ ប៉ុក ចាន់ផល អាយុ៣០ឆ្នាំ នាងទើបតែរលូតកូនបានជាង ១ ខែប៉ុណ្ណោះ ។ ជនបង្កត្រូវជាប្តីមានឈ្មោះ ងឹត តុលា អាយុ២៨ឆ្នាំ ប្រកបរបរជាអ្នកនេសាទមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីស្ត្រីឈ្មោះ ប៉ុក សុខាន់ អាយុ៣២ឆ្នាំ ត្រូវជាបងបង្កើតរបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា មូលហេតុដែលនាំឱ្យបុរសជាប្តីប្រើហិង្សាលើប្រពន្ធដោយសារខឹង ប្រពន្ធស្តីបន្ទោសពីរឿងផឹកស្រា ធ្វើឲ្យបុរសជាប្តីស្រវឹងមួរម៉ៅ ក៏ចាប់អុកនឹងក្បាលជង្គង់ ចំ.ពោះ និងគក់កណ្តាលខ្នងជាច្រើនដៃសន្លប់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនបុរសជាប្តីបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលស្រុកបរិបូរណ៌ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកស្ត្រីរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ៕