ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងទាំងកណ្តាលអាធ្រាត្រ បណ្តាលមកពីរថយន្តកាមរីបាឡែនមួយគ្រឿង បានក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យខ្ទេចទាំងស្រុង និងមនុស្ស ៣ នាក់បានរងរបួសធ្ងន់ និងស្រាល ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ វិច្ឆិកា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥៣ ត្រង់ចំណុចបឹងឆ្កឹងឆ្កៀល ស្ថិតក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ជិះគ្នា៣នាក់នោះបានបើកតាមបណ្តោយផ្លូវជាតិលេខ៥៣យ៉ាងលឿន ក្នុងដំណើរពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតធ្លាក់ចិញ្ចើមខាងស្តាំដៃ ខណៈនោះដែរអ្នកបើករថយន្តបានទាញចង្កូតមកឡើងលើថ្នល់វិញ តែដោយរថយន្តមានល្បឿនលឿនពេក ក៏បានជ្រុលមកឆ្វេងដៃធ្លាក់ចេញពីផ្លូវជាតិ ក្រឡាប់ជាច្រើនត្រឡប់បោកផ្ទប់នឹងកូនដើមខ្លុងត្បែង និងធ្លាក់ទៅក្នុងវាលស្រែបណ្តាលឱ្យមនុស្សនៅក្នុងរថយន្តរងរបួសតែម្តង។
ក្រោយពេលកើតហេតុការណ៍ យុវជន៣នាក់ បានរងរបួសធ្ងន់ និងស្រាល ត្រូវទូរស័ព្ទហៅបក្ខពួកដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជន ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ៕