រាជធានីភ្នំពេញ ៖ ជនជាប់ចោទ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ កូនប្រុសច្បងឧកញ៉ា ដួង ងៀប អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃត្រូវមេធាវីអះអាងថា ត្រូវដោះលែងពីពន្ធនាគារ PJ ហើយ បន្ទាប់ពីជាប់ឃុំរយៈពេល ៦ខែ តាមអំណាចសាលដីការបស់តុលាការឧទ្ធរណ៍ ខណៈទោសនៅសល់ប៉ុន្មាន ត្រូវបានព្បួរទាំងអស់នោះ។ ចំពោះករណីដែលជនជាប់ចោទ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ត្រូវដោះយ៉ាងស្ងាត់ និងអាថ៌កំបាំង បានក្លាយជាចំណោទមួយចំពោះក្រសែភ្នែកមហាជន។
យោងតាមប្រសាសន៍របស់លោក ណាច ទ្រី មេធាវីការពារក្តីលោក ឌួង ឆាយ បានប្រាប់ ឲ្យដឹងថា កូនក្តីរបស់ខ្ញុំត្រូវបានដោះលែងពីពន្ធនាគារប្រហែលពីរសប្តាហ៍មកហើយ។ តែទោះជាគាត់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំក៏ដោយក៏តុលាការមិន ទម្លាក់ការចោទប្រកាន់លើគាត់ទេ គឺនៅព្យួរទោសទាំងអស់។ បើទោះបីជាកូនក្តីខ្ញុំត្រូវបានដោះលែង តែគាត់ពុំមានសិទ្ធិសេរីពេញបរិបូរណ៍ទេ។ គាត់ត្រូវតុលាការដាក់កម្រិតធ្ងន់ធ្ងរលើ ៣ ករណី ទី១-ហាមមិនឲ្យផឹកស៊ី ទី២-ហាមមិនឲ្យប្រើប្រាស់អាវុធ និង ទី៣-ហាមមិនឲ្យធ្វើដំណើរទៅក្រៅប្រទេស ហើយបើចង់ទៅណាមកណាឆ្ងាយ ត្រូវសុំការអនុញ្ញាតពីតុលាការជាមុន ។
គួររម្លឹកថា កាលពីអំឡុងខែ មេសា កន្លងទៅ សាលាដំបូងរាជធានីផ្តន្ទាទោស ឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ដោយសម្រេចដាក់ពន្ធនាគារចំនួន ៣ឆ្នាំ ៦ខែ ពីបទប្រើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើអាវុធ ប៉ុន្តែ ឌួង ឆាយ បានប្តឹងទាស់ទៅសាលាឧទ្ធរណ៍។ នៅដើមខែ តុលា កន្លងទៅនេះ សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ បានបើកជំនុំជម្រះលើសំណុំរឿង ឌួង ឆាយ ស្ងាត់ៗ ដោយមិនឲ្យអ្នកកាសែតដឹងឡើយ ហើយបានសម្រេចតម្កល់សាលក្រមសាលាដំបូងភ្នំពេញ ក៏ប៉ុន្តែ បានកែកម្រិតផ្តន្ទាទោស ឌួង ឆាយ មកអនុវត្តទោសដាក់ពន្ធនាគារត្រឹមតែ ៦ខែ ប៉ុណ្ណោះ ឯទោសនៅសល់ត្រូវព្បួរទាំងអស់។
រីឯឈ្មោះ ឌួង ឆាយ និងប្អូនប្រុស ឌួង គឹមឡុង និងអង្គរក្សបានប្រើហិង្សាទៅលើភ្ញៀវក្នុងហាងបបរស ហ្គេឡាងឡារ៉ង់ នៅផ្លូវ ត្រសក់ផ្អែម សង្កាត់ បឹងកេងកង ទី១ ខណ្ឌ ចំការមន ឲ្យរបួស រួចរត់គេចខ្លួនប៉ុន្តែទៀបភ្លឺថ្ងៃ ទី១៤ មេសា គឹមឡុង ជាប្អូនត្រូវចាប់ខ្លួនបាន ឯ ឌួង ឆាយ ត្រូវឪពុកនាំមកឲ្យប៉ូលិសនៅថ្ងៃ ទី១៨ ខែ មេសា៕