ខេត្ដកណ្ដាល ៖ នៅពេលដែលមន្ដ្រីជំនាញរដ្ឋបាលជលផលចុះទៅពិនិត្យពួកឈ្មួញបានបញ្ជាឲ្យកម្មករទម្លាក់ឧបករណ៍ដែលជាបទល្មើសចូលក្នុងទឹក ។ ទង្វើបែបនេះដោយសារតែមន្ដ្រីជលផលខេត្ដកណ្ដាលត្រូវរ៉ូវ ជាមួយពួកឈ្មួញដែលប្រព្រឹត្ដល្មើស ។ កាលពីថ្ងៃអាទិត្យកន្លងទៅរដ្ឋបាលជលផលខេត្ដតាកែវបានដឹកនាំកម្លាំងចុះពិនិត្យមើលបទល្មើសនេសាទនៅក្នុងអតីតឡូត៍លេខ១៧-១៨ ក្នុងភូមិសាស្ដ្រស្រុកអង្គរបុរី និងស្រុកព្រៃកប្បាស ប៉ុន្ដែសមត្ថកិច្ចរកមិនឃើញបទល្មើសនោះទេ ។ រួមជាមួយនឹងអ្នកកាសែតក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលចុះប្រតិបត្ដិការបទល្មើសនេសាទនៅក្នុងភូមិសាស្ដ្រព្រំដែនខេត្ដតាកែវ និងខេត្ដកណ្ដាលអាចនឹងកើតមាន ។ បើនៅក្នុងភូមិសាស្ដ្រស្រុកកោះធំ ខេត្ដកណ្ដាល មានបទល្មើសនេសាទកើតឡើង។
លោក កែន ស៊ីថាន នាយខណ្ឌរដ្ឋបាលជលផលតាកែវដែលបានដឹកនាំកម្លាំងរួមជាមួយអ្នកកាសែតចុះពិនិត្យមើលសកម្មភាពបទល្មើសនៅអតីតឡូត៍លេខ ១៧-១៨ ព្រំប្រទល់ស្រុកអង្គរបុរី និងស្រុកកោះធំ ខេត្ដកណ្ដាលមិនឃើញមានបទល្មើសកើតឡើងនោះឡើយ ។ ប៉ុន្ដែនៅក្នុងស្រុកកោះធំដែលជាចំណែកអតីតឡូត៍លេខ១៧-១៨ ពិតជាកើតមានបទល្មើសមែន ។ តំបន់ដែលមានបទល្មើសស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់លោក ម៉ែន វិបុល ប្រធានក្រុមបង្ក្រាបបទល្មើសជលផលប្រចាំខេត្ដកណ្ដាល និងតាកែវ ។
កាលពីសបា្ដហ៍មុនឈ្មួញមានលុយឈ្មោះ សុខ ភាព និងធឿន បានដឹកនាំជនជាតិវៀតណាមចូលមកនេសាទស្បៃ មុងរាប់រយនៅត្រង់ចំណុចខាងជើងទំនប់៧មករា តាមបណ្ដោយប្រឡាយលេខ០៣ និង០៤ ។ សៃយ៉ឺន ស្បៃមុងប្រវែងប្រមាណជាង ៣ពាន់ម៉ែត្រ និងដាយឡុកជាង ១០ កន្លែង ត្រូវបានដាក់។ ពួកមន្ដ្រីជលផលចតុមុខ ដែលមិនបានប្រយោជន៍ពីបទល្មើសនេះឲ្យដឹងថា ពួកឈ្មួញបានចំណាយប្រាក់ជូនលោកម៉ែន វិបុល ប្រមាណ៤ពាន់ដុល្លារ ដើម្បីនេសាទល្មើសច្បាប់តែក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនោះ ។
ករណីបើកឲ្យមានការដាក់សៃយ៉ឺន ស្បៃមុងធំៗ នេះអាចដំណើរការដោយរលូនក៏ព្រោះតែលោក សុខ ភាព និងលោក ធឿន បានឃុបឃិតជាមួយលោក ម៉ែន វិបុល ដោយមានការបង់លុយរាប់ម៉ឺនដុល្លារក្នុងមួយរដូវទើបអាចធ្វើសកម្មភាពដាក់សៃយ៉ឺនយក្សបានយ៉ាងងាយស្រួល ។ បើមិនមានការបង់លុយឲ្យលោក ម៉ែន វិបុល គឺសៃយ៉ឺនស្បៃមុងធំៗ ទាំងនេះគ្មានវាសនានៅចាប់ត្រីបានទេ ហើយក្នុងមួយថ្ងៃៗការប្រមូលត្រីទាំងតូចទាំងធំពីសៃយ៉ឺនស្បៃមុងយក្សនេះចាប់ពី១០ តោនទៅ២០តោនក្នុងមួយថ្ងៃ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា ចំណុចឡូត៍លេខ ១៧ -១៨ នេះចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសរំសាយចោលរួចមកមកប្រជាពលរដ្ឋ មិនដែលបានចូលនេសាទត្រីនោះទេ បើចង់រកស៊ីនេសាទត្រី ត្រង់ប្រឡាយ ០៣-០៤ នេះត្រូវចូលខ្លួនទៅបង់លុយឲ្យមន្ដ្រីជំនាញជលផលទើបអាចចូល រកស៊ីនេសាទបានដោយកំណត់ក្នុងមួយ ទូកចំនួន៣០ម៉ឺនទៅ៤០ម៉ឺនរៀល បើ មិនបង់ទេគឺកម្លាំងរបស់ជលផលចាប់ឃាត់យកផាកពិន័យលុយយ៉ាងច្រើនទៀតផង៕