ខឹង​ខ្លាំង​ពេល កាប់ ១១ ពូថៅ ដើម្បី​បញ្ចប់​គំនុំ

, , Leave a comment

​ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​លួច​កាប់​១១​ពូថៅ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ខណៈពេល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​របស់ខ្លួន កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១២ វិច្ឆិកា ២០១៣ នៅ​ចំណុច​ភូមិ​ដំរី​ស្លាប់ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​

 

​ជនរងគ្រោះ​ឈ្មោះ​សួង សាត អាយុ​៤០​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ត្រូវ​ជនសង្ស័យ​កាប់​ឱ្យ​របួស​ពេញ​ដងខ្លួន និង​ផ្ទៃមុខ ព្រមទាំង​ជើង​ស្តាំ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ខេត្តកណ្តាល ។​

 

​តាម​ប្រភពពី​កន្លែង​ហេតុ​ឱ្យដឹងថា ជនសង្ស័យ​ដែល​ប៉ុនប៉ង​កាប់សម្លាប់​ជនរងគ្រោះ​ត្រូវគេ​ស្គាល់ឈ្មោះ ថន សំ​អៀន ហៅ​ហ៊ុល ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជា​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ក្រោយពី​បង្កហេតុ​រួច​បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​ ​ការប៉ុនប៉ង​សម្លាប់​ជនរងគ្រោះ​ពី​សំណាក់​ជនសង្ស័យ​បើតាម​សាក្សី​ឱ្យដឹងថា មកពី​ជនសង្ស័យ​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ​ដែល​ធ្លាប់​មានរឿង​ពីមុនមក ហើយ​នៅ​យប់កើតហេតុ​ជនរងគ្រោះ​បាន​ត្រឡប់​មកពី​ផឹកស៊ី​ជាមួយ​អ្នកភូមិ វិញ​ដោយ​ដើរ​ជាមួយ​កូនតូច ក្នុង​អការ​ស្រវឹង​ស្រឿងៗ​ផង ជនរងគ្រោះ​បាន​និយាយ​លេង​ជាមួយ​កូន​ថា ស្រុក​គេ​ឥឡូវនេះ​ការរកស៊ី​តាម​កម្លាំង​មិនមាន​ដូច​គេ​ដែលមាន​ដី​លក់ នោះទេ ។ ពាក្យសម្តី​បែបនេះ​បានធ្វើឱ្យ​ជនសង្ស័យ​ផ្ទុះ​កំហឹង​ក៏​កាន់​ពូថៅ ទៅ​កាប់​ជនរងគ្រោះ​ដែល​កំពុង​ដេក​ក្នុងផ្ទះ​តែម្តងទៅ​។​

14-11-2013

​ទោះជា​យ៉ាងណា ជនសង្ស័យ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ហើយ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មក​ផ្តន្ទា ទោស​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published