ខេត្តបន្ទាយមានជ័យ ៖ ស្ពានបេតុងមួយកន្លែងស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយាមានជ័យ ដែលចាប់ផ្តើមកសាងសង់កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៣ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបាក់ស្រុតកាលថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០១៣ ខណៈពេលសង់បានជិត ៣០ភាគរយតែប៉ុណ្ណោះស្របពេលទឹកជំនន់បុកមកពីប្រទេសថៃនោះ។
មូលហេតុដែលនាំឲ្យស្ពានខាងលើនេះបាក់ស្រុតត្រង់ពាក់កណ្តាលនោះគឺដោយសារតែអ្នកម៉ៅការសាងសង់ខ្វះបចេ្ចកទេស ក្នុងការស្ថាបនាទើបបណ្តាលឲ្យបាក់ស្រុតបែបនេះ ។ នេះបើតាមការណ៍ឲ្យដឹងពីលោក ប៉ាល់ សេដ្ឋា ចៅសង្កាត់និមិត្ត ។ ស្ពាននេះកសាងក្នុងគោលបំណងតភ្ជាប់ប្រជាពលរដ្ឋពីភូមិកូនដំរី ទៅស្រុកម៉ាឡៃមានប្រវែង ៤៥ ម៉ែត្រ និងទទឹង៨ម៉ែត្រជាប្រភេទស្ពានបេតុង សាងសង់ដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ។
ចំណែកលោក ង៉ោម៉េងជ្រូន អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃ១២វិច្ឆិកាឆ្នាំ២០១៣ថា ស្ពានបេតុងប្រវែង ៤៥ ម៉ែត្រនិងទទឹង៨ម៉ែត្រនៅចំណុចភូមិកូនដំរីនោះ ឥឡូវនេះបានស្រុតបាក់ពាក់កណ្តាលហើយ ស្ពាននេះម៉ៅការសាងសង់ដោយប្រធានមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ ពេលបាក់ដូច្នេះគឺត្រូវតែធើ្វថ្មីឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋបានធើ្វដំណើរឆ្លងកាត់ ប៉ុន្តែពេលនេះ គឺមិនអាចធើ្វដំណើរឆ្លងកាត់បាននៅឡើយទេ ព្រោះវាបានបាក់អស់ទៅហើយ ។
ដោយឡែក លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យដែលទទួលការសាងសង់ស្ពានបានឲ្យដឹងថា មូលហេតុដែលនាំឲ្យស្ពាននេះបាក់ស្រុតនោះ គឺដោយសារតែស្ថានភាពទឹក បុកមកពីប្រទេសថៃខ្លាំងពេក ទើបបណ្តាលឲ្យគ្រឹះស្ពានបាក់ស្រុតចុះដូច្នេះ។ លោកបន្ថែមទៀតថា នៅខែខាងមុខនេះលោកនឹងបន្តការស្ថាបនាឡើងវិញ ដោយខួងផ្នែកណាមួយនៃស្ពាននោះ ដើម្បីចាក់បេតុង តភ្ជាប់ត្រង់ចំណុចដែលបានបាក់ ។ លោកប្រធានមន្ទីរនិយាយហាក់ដូចជាអស់សង្ឃឹមក្នុងចិត្តដោយប្រាប់ថា លោកមិនចង់ឲ្យសាច់រឿងនេះឭទៅដល់ថ្នាក់លើឡើយព្រោះវាជារឿងគ្រោះធម្មជាតិទឹកជំនន់បុកបាក់ ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋនៅ សង្កាត់និមិត្ត និងស្រុកម៉ាឡៃ បានសម្តែងនូវការពិបាកក្នុងការធើ្វដំណើរ ព្រោះពេលនេះស្ពានកសាងមិនទាន់រួចផងក៏ត្រូវបានបាក់ស្រុតធ្វើឲ្យពួកគាត់ពិបាកដឹកជញ្ជូនកសិផលយកទៅលក់នៅលើទីផ្សារ៕