នៅពេលដែលគេបានស្តាប់ឮនូវបរិមាណកាឡូរីសុទ្ធតែផ្តោតទៅលើកម្រិតកាឡូរីកាន់តែទាបកាន់តែល្អ ពីព្រោះមានមនុស្សភាគច្រើនសុទ្ធតែចង់ឱ្យរាងកាយមានរាងស្រឡូន ។ ប៉ុន្តែមនុស្សខុសគ្នាហើយតម្រូវការនៃបរិមាណកាឡូរីក៏មិនដូចគ្នាដែរ ។ ដូច្នេះពុំប្រាកដថាកាឡូរីកាន់តែមានកម្រិតទាបកាន់តែល្អនោះឡើយ ។
តើកាឡូរីជាសារធាតុអ្វី ? តើយើងគួរគប្បីស្រូបយកនូវបរិមាណកាឡូរីប៉ុន្មានទើបអាចឈានទៅដល់កម្រិតដែលមនុស្សម្នាក់ៗត្រូវការ ?
កាឡូរីបង្កើតសីតុណ្ហភាពទឹក១អង្សា
ចំពោះបរិមាណកម្តៅ១កាឡូរី គឺអាចបង្កើនសីតុណ្ហភាពទឹកមួយក្រាមកើនឡើងដល់១អង្សា ។ ប៉ុន្តែបរិមាណកម្តៅនៅក្នុង១កាឡូរីក្នុងអាហារដែលផ្តល់ដល់រាងកាយនោះជាបរិមាណតិចតួចបំផុត ។ ដូច្នេះបច្ចុប្បន្ននេះផ្នែកជីវជាតិវិទ្យាជាទូទៅច្រើនប្រើជាឯកតា Kcal (1.000 Cal) ។
វត្ថុធាតុ៣ប្រភេទកំណត់តម្រូវការនៃបរិមាណកម្តៅ
មនុស្សម្នាក់ៗជារៀងរាល់ថ្ងៃត្រូវការបរិមាណកម្តៅគឺផ្តើមចេញពីវត្ថុធាតុ៣ប្រភេទនៅក្នុងរាងកាយ ។ ទី១ (Metabolism) ការដុតរំលាយអាហារនៅក្នុងរាងកាយ ។ ទី២ថាមពលកីឡា និងទី៣ ប្រតិកម្មនៃថាមពលដែលកើតចេញពីការរំលាយអាហារ (Thermal effect of food) ។
ចំពោះការដុតរំលាយអាហារនៅក្នុងរាងកាយគឺសំដៅទៅលើតម្រូវការនូវបរិមាណនៃថាមពលចង្វាក់បេះដូងលោត ការដកដង្ហើម និងចលនានៃសរីរាង្គ ផ្សេងៗទៀត ។ ដូច្នេះក្នុងមួយថ្ងៃយើងត្រូវការនូវបរិមាណកម្តៅប្រហែលជាពី ៦០ ទៅ ៧០ ភាគរយ ។ ចំពោះថាមពលកីឡាមានកម្រិតកាន់តែខ្ពស់គឺការដុតបរិមាណកម្តៅក៏កាន់តែច្រើនដែរ ។ ដូច្នេះតម្រូវការនៃបរិមាណកម្តៅក៏មានកម្រិតខ្ពស់ជាងអ្នកដទៃដែរ ។ ម្យ៉ាងទៀតចំពោះអ្នកដែលមានថាមពលកីឡាកម្រិតខ្ពស់ដោយសារតែថាមពលសាច់ដុំកើនឡើង អាចជួយលើកតម្កើងនូវអត្រានៃការដុតរំលាយអាហារនៅក្នុងរាងកាយ ។ រីឯក្រោយពីការលេងកីឡាចប់ក្នុងរយៈពេល ២ ម៉ោងរួច មក គឺរាងកាយនៅតែដុតបរិមាណកម្តៅដដែល ។
រីឯប្រតិកម្មនៃថាមពលដែលកើតចេញពីការរំលាយអាហារគឺសំដៅទៅលើការប្រើប្រាស់នូវបរិមាណកម្តៅក្នុងពេលបរិភោគនិងការរំលាយអាហារ ។ ដូច្នេះអាហារដែលផ្តល់នូវបរិមាណកម្តៅប្រហែលជា ១០ភាគរយប៉ុន្តែក៏មានអាហារខ្លះដែលបានផ្តល់នូវកាឡូរីក្នុងបរិមាណតិចតួចប៉ុណ្ណោះ ។ ចំពោះការរំលាយអាហារនៅក្នុងរាងកាយក្នុងមួយពេល គឺត្រូវការប្រហែលជា ១០០ កាឡូរី ។ ដូច្នេះប្រសិនបើជាអាហារមួយពេលនេះផ្តល់នូវបរិមាណកម្តៅទាប ជាង១០០ កាឡូរី នោះពិតជាមានកង្វះខាតកាឡូរី តែវាផ្តល់ផលប្រយោជន៍សម្រាប់អ្នកដែលមានបំណងបញ្ចុះទម្ងន់ ។
បរិមាណកម្តៅច្រើនជ្រុលចៀសមិនផុតពីធាត់
តាមធម្មតាចំពោះបុរសក្នុងមួយថ្ងៃត្រូវការកាឡូរីប្រហែលជា ២.០០០ ទៅ ២.៥០០ កាឡូរី ។ រីឯស្ត្រីភេទត្រូវការនូវកាឡូរីពី ១.៥០០ ទៅ ១.៨០០ ហើយអស់ទាំងនោះក៏អាស្រ័យទៅតាមថាមពលកីឡា និងអត្រានៃការដុតរំលាយអាហារនៅក្នុងរាងកាយជាក់ស្តែងរបស់មនុស្សម្នាក់ៗ ដែលមិនដូចគ្នា ។ ប៉ុន្តែអ្វីដែលយើងត្រូវយកចិត្តទុកដាក់នោះប្រសិនបើទទួលយកច្រើនជាងការបញ្ចោញដូច្នេះបរិមាណ កម្តៅដែលបញ្ចោញមិនអស់នៅសេសសល់ក្នុងរាងកាយហើយពេលកកស្ទះច្រើនទៅក៏បានក្លាយទៅជាជាតិខ្លាញ់ ។ ម្យ៉ាងទៀតប្រសិនបើរាងកាយស្រូបយកលើសពី ៣.៥០០ កាឡូរី គឺអាចសំចៃទុកនូវជាតិខ្លាញ់ ១ ផោន (០,៤៥៤ គីឡូក្រាម) ។
ចំពោះការស្រូបយកកាឡូរីដ៏ច្រើន គឺអាចផ្តើមចេញពីការបូអ៊ីដ្រាតប្រូតេអ៊ីន និងជាតិខ្លាញ់ ។ នៅក្នុងប្រូតេអ៊ីននិងការបូអ៊ីដ្រាត ១ ក្រាម គឺអាចផ្តល់ ៤ កាឡូរី ។ ចំពោះជាតិខ្លាញ់ក្នុង ១ ក្រាម អាចផ្តល់ ៩ កាឡូរី ។
ទោះជាមានប្រភពចេញពីប្រភេទណាក៏ដោយកាលបើស្រូបយកច្រើនពិតជាឡើងទម្ងន់ ។ ចំពោះផ្នែកជីវភាពគឺការបូអ៊ីដ្រាត និង ប្រូតេអ៊ីនជាប្រភពនៃបរិមាណកម្តៅសម្រាប់សុខភាព ។ រីឯជាតិខ្លាញ់ច្រើនបំផុតត្រឹមតែ ៣០ ភាគរយនៃបរិមាណកម្តៅជាការគ្រប់គ្រាន់ ។ ចំពោះបរិមាណជាតិខ្លាញ់ច្រើនក្នុងពេលយូរអង្វែងគឺអាចជះឥទ្ធិពលអាក្រក់ដល់ជាតិអ័រម៉ូននៅក្នុងរាងកាយនិងបណ្តាល ឱ្យមានជំងឺឈឺថ្កាត់ជាច្រើនប្រភេទទៀតផង ៕