ប្រទេសថៃ ៖ អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ស៊ីនណាវ៉ាត់ត្រា បានបង្ហាញពីការជំរុញទឹកចិត្តដល់ពួកគណបក្សកាន់អំណាច ភឿថៃ ដែលស្ថិតក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីនណាវ៉ាត់ត្រានោះ បើទោះបីជាពួកគណបក្សប្រជាធិបតេយ្យនៅតែពង្រឹងការដឹកនាំមហាបាតុកម្ម ទូទាំងប្រទេស ប្រឆាំងនឹងរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost.com ដែលដកស្រង់សម្តីរបស់ប្រភពពីគណបក្សភឿថៃ។
យោងតាមប្រភពដដែល លោកថាក់ស៊ីន កាលពីម្សិលមិញ បានណែនាំឲ្យគណបក្សភឿថៃប្រឹងប្រែងក្តោបក្តាប់អំណាចឲ្យជាប់ ហើយត្រូវសង្ឃឹមថា មហាបាតុកម្មនៅទូទាំងប្រទេសដែលដឹកនាំពួកគណបក្សប្រឆាំង ដែលប្រឆាំងទៅនឹងសេចក្តីព្រៀងច្បាប់លើកលែងទោសទូទៅនោះ នឹងរលាយសាបសូន្យក្នុងពេលឆាប់ៗខាងមុខ។
ប្រភពបានបន្ថែមទៀតថា លោកថាក់ស៊ីន ដែលគេជឿថាជាអ្នកនៅពីក្រោយគណបក្សកាន់អំណាចរូបនេះបានបង្ហាញពី ការមិនគាំទ្រដល់គំនិតដែលចង់ឲ្យលោកស្រី យីងឡាក់ រំលាយសភា និងគំនិតដែលមានបំណងឲ្យលោកស្រី យីងឡាក់ លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីជាដាច់ខាត។ លោកបានបញ្ជាក់ថា បាតុកម្មនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗក្រោយពេលដែលលែងមានមូលនិធិ និងបន្ទាប់ពីព្រឹទ្ធសភាថៃច្រានចោលសេចក្តីព្រៀងច្បាប់លើកលែងទោសទូទៅ កាលពីល្ងាចម្សិលមិញ។ លោកថាក់ស៊ីនបានជំរុញទឹកចិត្តឲ្យពួកសមាជិកសភាខាងគណបក្សភឿថៃជួយ ដល់រាជរដ្ឋាភិបាល ក្នុងការរក្សាអំណាច។
ផ្អែកតាមប្រភពដដែល ថ្មីៗកន្លងទៅ ពួកអ្នកនយោបាយខាងគណបក្សកាន់អំណាចបានលើកឡើងនូវដំណោះស្រាយមួយចំនួនដែល ពួកគេគិតថា អាចទៅរួចក្នុងការបញ្ឈប់មហាបាតុកម្ម ក្នុងនោះរួមមានទាំងការរំលាយសភា និងការចុះចេញពីតំណែងរបស់នាយករដ្ឋមន្ត្រីផងដែរ។ យ៉ាងណាក៏ដោយ លោកថាក់ស៊ីនបានប្រឆាំងដាច់ខាតនឹងសំណើរទាំងពីរនេះ។
ក្នុងបំណងដាក់សំពាធបន្ថែមទៀតដល់រាជរដ្ឋាភិបាលនោះ ពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំ ក្នុងប្រទេសថៃ ចំនួន ៩ រូបបានប្រកាសលាឈប់ពីតំណែងជាសមាជិករដ្ឋសភា នៅចំពោះមុខពួកបាតុករប្រមាណជាង២ម៉ឺននាក់ នៅឯវិមានប្រជាធិបតេយ្យ កាលពីម្សិលមិញហើយសមាជិកទាំង៩នាក់នោះរួមមានទាំងលោក ស៊ូថេប ធឿកស៊ូបាន ដែលជាជំនិតរបស់លោកអាប់ភីស៊ីត វ៉េចាជីវ៉ា មេដឹកនាំគណបក្សប្រជាធិបតេយ្យទៀតផង។
ប្រភពពីគណបក្សប្រជាធិបតេយ្យបានឲ្យដឹងថា លោកស៊ូថេបលាប់ឈប់ពីតំណែងជាសមាជិករដ្ឋសភា ដើម្បីងាយស្រួលដល់រូបលោកក្នុងការដឹកនាំមហាបាតុកម្ម ដោយគ្មានការខ្វល់ខ្វាយអ្វីទាំងអស់។
យ៉ាងណាក៏ដោយ ប្រភពដដែលបានបន្តទៀតថា នឹងមានសមាជិករដ្ឋសភានៃគណបក្សប្រជាធិបតេយ្យជាច្រើននាក់ទៀតលាឈប់ពី តំណែង ប្រសិនបើរាជរដ្ឋាភិបាលថៃ នៅតែរឹងចចេស ខណៈដែលមានការព្រួយបារម្ភអំពីការបោះឆ្នោតដែលខិតចូលមកដល់នាពេលខាងមុខ គឺនៅសល់តែ៤៥ថ្ងៃទៀតប៉ុណ្ណោះ។
គួរបញ្ជាក់ថា ដំបូងឡើយ ពួកបាតុករគ្រាន់តែចង់ឲ្យរំលាយសេចក្តីព្រៀងច្បាប់លើកលែងទោសទូទៅ ប៉ុណ្ណោះ ខណៈដែលពួកគេគិតថា ផែនការលើកឡើងដោយពួកគណបក្សកាន់អំណាចមួយនេះនឹងជួយឲ្យលោក ថាក់ស៊ីន រួចទោសហើយអាចវិញត្រលប់ចូលប្រទេស ពោលគឺក្រោយពេលដែលទណ្ឌិតដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសរូបនេះ ត្រូវបានតុលាការកាត់ទោសកំបាំងមុខឲ្យជាប់គុក២ឆ្នាំពីបទ ប្រើប្រាស់អំណាចបំពានច្បាប់។ យ៉ាងណាក៏ដោយ បាតុកម្មដែលដឹកនាំដោយពួកគណបក្សប្រឆាំងនាពេលនេះ គឺថែមទាំងចង់ឲ្យលោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីនណាវ៉ា់ត់ត្រា លាឈប់ពីតំណែងទៀតផង៕