ខេត្តសៀមរាប ៖ ជនជាតិហ្វ៊ីលីពីន ត្រូវបានសមត្ថកិច្ចចម្រុះខេត្តសហការជាមួយមន្ត្រីគយ និងរដ្ឋាករប្រចាំការនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ពីបទនាំគ្រឿងញៀនខុស ច្បាប់តាមយន្តហោះ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ RAM IREZ CHRISTAN ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិហ្វ៊ីលីពីន បានធ្វើដំណើរចេញពីប្រទេសប្រេស៊ីលឆ្លងកាត់តាមប្រទេសវៀតណាម (ហូជីមិញ) មកកាន់ខេត្តសៀមរាបតាមជើងយន្តហោះលេខ V.N ៣៨២៣ ហើយកម្លាំងចម្រុះបានឃាត់ខ្លួន និងដកហូតបានម្សៅខាបពណ៌ស ចំនួន២ថង់ស្មើ៣,២គីឡូក្រាម។
ការឈានដល់ឃាត់ខ្លួនជនជាតិហ្វ៊ីលីពីននេះដោយសារកម្លាំងនគរបាល ទទួលបានព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ។ នេះជាការឃាត់ខ្លួនលើកទី៤ហើយក្នុងព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប។ បច្ចុប្បន្នជនជាតិហ្វ៊ីលីពីនម្នាក់ ត្រូវបានបញ្ជូនទៅកាន់នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនស្នងការខេត្តសៀមរាប៕