រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅលើកំណាត់ផ្លូវជាតិលេខ ៤ បានធ្វើឲ្យយុវជនម្នាក់បានរងរបួសធ្ងន់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យដើម្បី សង្គ្រោះបន្ទាន់ ខណៈត្រូវរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនអេស៊ានដេវីដបើកបុក និងកិន ពេលកំពុងធ្វើដំណើរស្របទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍មួយនេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ វិច្ឆិកា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចជិតផ្លូវរថភ្លើងឆ្លងកាត់ ស្ថិតក្នុងភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះអុំ នី ភេទប្រុស អាយុ២១ឆ្នាំ ជាជាងក្រឡឹង មានទីលំនៅភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាគុបជ្រុងសេ ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1BD-7233 តាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់កន្លែងកើតហេតុក៏ត្រូវរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនអេស៊ានដេវីដ ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ3C-0350 បើកបរដោយបុរសម្នាក់ឈ្មោះដា អាយុប្រហែល ៣០ ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុនខាងលើ។ ពេលឃើញហេតុការណ៍ដូចនេះជនបង្កបានបើកទ្វាររថយន្ត រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តបងនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវប៉ូលិសនាំយកទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំធ្វើការដោះស្រាយ៕