ប្រទេសសឹង្ហបុរី ៖ ការវាយប្រយុទ្ធគ្នាមួយប្រាវកាលពីម៉ោងប្រហែលជា ៦ ព្រឹកមិញនេះ នៅឯកំពង់ផែអាហារដ្ឋាន Clarke Quay ស្ថិតនៅចំណុចផ្លូវចេញទៅតុលាការ McDonald's Liangបានកើតឡើងបណ្តាលឲ្យបុរសបរទេស ២ នាក់ហូរឈាមកក្លាក់ ពេញផ្ទៃមុខតែម្តង បន្ទាប់ពីនារីស្លៀកពាក់សិចស៊ីជនជាតិសឹង្ហបុរីម្នាក់បានអះអាងថា នាងត្រូវបានបំពារបំពានកេរ្តិ៍ខ្មាស ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Shin Min Daily បានឲ្យដឹងថា ពួកគេ (ជនរងគ្រោះ) ត្រូវបានព្រមានយ៉ាងចាស់ដៃនៅត្រង់ផ្ទៃមុខដោយបុរសមិនស្គាល់មុខ ២ នាក់ ដែលជួយឈឺឆ្អាល បន្ទាប់ស្ត្រីរូបនោះស្រែកឡើងថា "ជួយផង! មានគេបំពារបំពានកេរ្តិ៍ខ្មាស!"។
បើតាមស្ត្រីពីរនាក់ទៀតត្រូវជាមិត្តភក្តិស្ត្រីរងការប្រមាថមើលងាយរូបនោះ ដែលបានចូលទៅស្រស់ស្រូបអាហារពេលព្រឹក នៅ McDonald's បានអះអាងថា ខណៈពេលនោះ គឺមានជនស្បែកសពីរនាក់បានមកប៉ះមិត្តភក្តិរបស់ពួកនាងមុន ជាហេតុធ្វើឲ្យនាងខឹងសម្បារយ៉ាងខ្លាំង ក៏បានញុះញង់ឲ្យបុរសដទៃពីរនាក់ទៀត ស្ទុះទៅវាយជនបរទេសទាំងពីរនាក់នោះយ៉ាងដំណំតែម្តង៕