រាជធានីភ្នំពេញ ៖ ចោរគ្មានជំនាញម្នាក់ ក្នុងចំណោមបក្ខពួក ៣ នាក់ទៀត ត្រូវបានប្រជាពលរដ្ឋចោមរោមវាយ ទើបប្រគល់ឲ្យសមត្ថកិច្ច ខណៈពួកគេកំពុងធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តរបស់គេ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧ និង ១៥ នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ៤៦ ផ្លូវលេខ១៩០ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
ជនសង្ស័យរូបនេះត្រូវគេស្គាល់ឈ្មោះតូច រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិចំការឪឡឹក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង៧ និង១៥នាទី លោកលី ឈាងម៉េង អាយុ៤៤ឆ្នាំ ជាអង្គរក្ស ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ១៩០ សង្កាត់បឹងព្រលឹត បានជិះរថយន្ត១គ្រឿងម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ស៊េរី២០១២ ទៅឈប់មុខផ្ទះលេខ៦៥Eo ផ្លូវលេខ១០៥ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូសង់កូរ៉េពណ៌ក្រហម១គ្រឿង ដោយម្នាក់ចុះទៅធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តនោះចំហៀងខាង ស្តាំ ២នាក់នៅលើម៉ូតូចាំបិទគូទ។ ពេលកំពុងធ្វើសកម្មភាពម្ចាស់គេទាន់បានស្រែកថាចោរៗ ពេលនោះមានអ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវជួយដេញចាប់បានម្នាក់ និងវាយទ្រមខ្លួន ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនសង្ស័យចេញពីក្រោមកណ្តាប់ដៃ និងទម្ងន់ជើងរបស់ប្រជាពលរដ្ឋ មកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីសាកសួរចម្លើយ នឹងឈានទៅចាប់បក្ខពួក៕