ខេត្តស្វាយរៀង ៖ សោកនាដកម្មមួយបណ្តាលមកពីបុរសស្រវឹងស្រាម្នាក់ ដែលជាមន្ត្រីប៉េអឹមខេត្ត បានធ្វើឲ្យមនុស្សម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ និង ១១នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ២០ នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ១ មុខសាកលវិទ្យាល័យស្វាយរៀង ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ។
បុរសដែលបង្កនោះមានឈ្មោះ ស៊ុង ថានី ជាប៉េអឹមខេត្ត ដោយធ្វើដំណើរចេញពីហូបការ ហើយបើកបរក្នុងស្ថានភាពស្រវឹងជោក។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តទួរីសដឹកអ្នកដំណើរ បានផ្ទុកដោយមនុស្សពេញ ដោយបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើត រថយន្តម៉ាកកាមរីដែលជារថយន្តបង្កបានបើកបរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅគូទរថយន្តទួរីសដឹកអ្នកដំណើរពីក្រោយពេញទឹហឹង បណ្តាលឲ្យកៀបជាប់នឹងរថយន្តស្លាប់ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ នឹងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ និងគ្លីនិកនៅក្បែរនោះ ចំណែកសពជនរងគ្រោះត្រូវបានទាក់ទងសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តទាំងពីត្រូវសមត្ថកិច្ចយកទៅរក្សានៅអធិការរដ្ឋានរង់ភាគីទាំងពីរចូលមកដោះស្រាយជាក្រោយ៕