រាជធានីភ្នំពេញ ៖ ក្មេងប្រុសពីរនាក់បានរងរបួសធ្ងន់ ដោយម្នាក់ត្រូវបាក់ជើង និងម្នាក់ទៀតដួលបោលក្បាលនឹងងថ្នល់សន្លប់ស្តូកស្តឹង ក្នុងហេតុការន៍គ្រោះថ្នាក់ចរាចណ៍មួយដែលបណ្តាលមកពីរថយន្តដឹកកម្មករមួយគ្រឿង បានបើកបរក្នុងល្បឿន តាមបណ្តោយផ្លូវប៉េតុង ហើយរេចង្កូតបុកក្មេង ប្រុសទាំងពីរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវប៉េតុង ជិតវត្តធម្មត្រៃ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុការបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញក្មេងប្រុសរងគ្រោះទាំងពីរនាក់ ជិះកង់មួយគ្រឿងធ្វើដំណើរ តាមបណ្តោយផ្លូវប៉េតុង ក្នុងទិសដៅពីត្បូងទៅជើង ដោយបានជិះ ខាងស្តាំដៃរបស់ពួកគេ ខណៈដែលមកជិតដល់វត្តធម្មត្រៃ ដែលជាកន្លែងកើតហេតុនោះ ស្រាប់តែមានរថយន្តកូរ៉េដឹកកម្មករពេញមួយគ្រឿង បើកបរក្នុងល្បឿនក្នុងទិសដៅពីជើងទៅត្បូង គឺទិសដៅបញ្ច្រាសទិសគ្នា ជាមួយនឹងកង់ ក្មេងប្រុសទាំងពីរនាក់ ដោយសារតែរថយន្តបើកក្នុងល្បឿន ក៏រេចង្កូតមកខាងឆ្វេងដៃនិងបុករះកង់ និងអូសកង់របស់ក្មេងប្រុសនោះជាង៥០ម៉ែត្រ ចំណែកឯក្មេងប្រុសទាំងពីរនាក់ម្នាក់ បាក់ជើង និងម្នាក់ទៀតសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ រងរបួសធ្ងន់ធ្ងរទាំងពីរ ។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង អូសយករថយន្តបង្ករហេតុ និងកង់របស់ក្មេងប្រុសទាំងពីរនាក់ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំដោះស្រាយទៅតាមនីតិ វិធីច្បាប់ ៕