ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋចំនួន២ឃុំ ដែលរស់នៅស្រុក២ផ្សេងគ្នាកំពុងប្រតិកម្មបានផ្ដិតមេដៃ និងឡើងរថយន្តទៅប្ដឹងលោក សៀង ណាំ តំណាងរាស្ត្រឲ្យជួយដោះស្រាយ បន្ទាប់ពីមានការបែកធ្លាយភាពមិនប្រក្រតីនៃបទល្មើសនេសាទរវាងប្រជាពលរដ្ឋ និងលោកមេខណ្ឌជលផលខេត្តសៀមរាប ដែលឃុបឃិតជាមួយថៅកែដាយ ។ ករណីឃុបឃិតនេះដោយសារថៅកែដាយយកកញ្ចប់លុយ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកឲ្យលោកមេខណ្ឌនោះ។ តែពេលនេះប្រជាពលរដ្ឋចំនួន២ឃុំ ដែលរស់នៅស្រុក២ផ្សេងគ្នាកំពុងប្រតិកម្មផ្ដិតមេដៃនិងឡើងរថយន្តទៅ ប្ដឹងលោកសៀង ណាំឲ្យជួយលើករណីនេះ។
បើតាមការរៀបរាប់ប្រជាពលរដ្ឋនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលរស់នៅលើផ្ទៃទឹកបានដឹងថា ជីវភាពរបស់ពួកគាត់មានការលំបាកណាស់ មិនហ៊ានប្រព្រឹត្តិបទល្មើសនេសាទនោះ ក៏បានទៅជួបលោកនាយខណ្ឌខេត្តសៀរាមដើម្បីចរចាសុំបើកភ្លើងខៀវក្នុងការប្រព្រឹត្តិបទល្មើសនេសាទជាប្រភេទឧបករណ៍ប្រើប្រាស់ចាប់ត្រី ឈ្មោះថា ឈ្នក់ ដែលភាសាសាមញ្ញរបស់អ្នកនេសាទហៅឆ្នុក ដែលជលផលងាយយកលុយស្របច្បាប់ព្រោះមានទំហំតូច ហើយមិនប្រើអំពូលឬបោះចំណីហៅត្រីឲ្យចូលដើម្បីចាប់ទេ នេះបើនិយាយពីច្បាប់ជលផល ។ ប៉ុន្តែពេលលោកនាយខណ្ឌជាមួយប្រជាពលរដ្ឋចរចាគ្នាត្រូវក៏បាននាំគ្នា ដាក់ឈ្នក់ហៅឆ្នុកនោះមានទំហំធំក្រឡាញឹកហើយប្រើអំពូលភ្លើង និងបោះចំណីឲ្យត្រីចូលដើម្បីចាប់បានច្រើនៗតែម្ដង។
ដោយឡែកមួយទៀតចេញពីប្រជាពលរដ្ឋក្នុងឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាបបាននិយាយថា ការបើកភ្លើងខៀវឲ្យធ្វើបទល្មើសដែលប្រើឧបករណ៍ឆ្នុកនោះ គឺពេលនាយខណ្ឌបានយកលុយក្នុងមួយឆ្នុកតម្លៃ៣លានរៀលគឺគេប៉ាវ ដាច់ដើម្បីចែកចាយជំនាញផ្សេងៗឲ្យពួកគាត់ចំនួន២ឃុំធ្វើ ដែលពួកគាត់ដាក់នៅឃុំកំពង់ឃ្លាំង និងឃុំអន្លង់សំណនោះសរុបទាំងអស់ប្រមាណជា៣០០ឆ្នុក។ លុះពេលដាក់បានទើបតែមួយខែមិនទាន់ចប់រដូវដាក់តាមកិច្ចចរចា ដែលបានយកលុយអស់ទៅហើយនោះ លោកនាយខណ្ឌជលផលឈ្មោះព្រិន សាវិន ខេត្តសៀមរាប ក៏បានចាប់ផ្ដើមធ្វើការបង្ក្រាបពួកគាត់យ៉ាងពេញទំហឹងទាំង២ឃុំធ្វើ ឲ្យពួកគាត់កាន់តែក្រីក្របន្ថែមទៀតដោយសារតែខ្ចីលុយរដ្ឋបង់លុយឲ្យ លោកនាយខណ្ឌនេះផង និងធ្វើឆ្នុកនោះផង។ ពួកគាត់បន្តថា លោកនាយខណ្ឌឈ្មោះព្រិន សាវិននេះទំនងជាចាយលុយអស់ហើយ ត្រូវខាងក្រុមថៅកែដាយនៅខាងរាជធានីភ្នំពេញ ដែលពួកគាត់ទទួលព័ត៌មានបានច្បាស់នោះ បានវេចលុយ៣ម៉ឺនដុល្លារអាមេរិកឲ្យលោកនាយខណ្ឌដើម្បីបង្ក្រាប បទល្មើសឆ្នុកនោះអស់ឲ្យត្រីចូលដាយរបស់គេ នៅពេលទឹកទន្លេសម្រកខាងមុខនេះ ត្រូវត្រីច្រើនដើម្បីបានផលចំណេញ និងមានផលបន្ថែមចូលលោកនាយខណ្ឌទើបមានរឿងបែបនេះតែម្ដង។
ប្រជាពលរដ្ឋ ទាំង២ឃុំខាងលើបានលើកឡើងថា បញ្ហាខាងលើនេះ លោកនាយខណ្ឌ ឈ្មោះ ព្រិន សាវិន បាននិយាយថា លោកមិនខ្លាចឡើយចំពោះការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ឬចំណាត់ការផ្សេងទៀត ព្រោះរូបលោកមានមិត្តភក្ដិស្និទ្ធស្នាលជារដ្ឋលេខាធិការក្រសួង កសិកម្ម។ ពួកគាត់ទាំង២ឃុំមានប្រតិកម្មយ៉ាងខ្លាំងនូវទង្វើលោកនាយខណ្ឌឈ្មោះ ព្រិន សាវិននេះ ហើយបាននាំគ្នាផ្ដិតមេដៃ និងនាំគ្នាឡើងរថយន្តឆ្ពោះទៅប្ដឹងលោក សៀង ណាំ តំណាងរាស្ត្រឲ្យជួយ។ ប៉ុន្តែដោយអ្នកតំណាងរាស្ត្ររូបនោះរវល់មិនអាចមកជួបប្រជាពលរដ្ឋបាន ទើបប្រជាពលរដ្ឋត្រឡប់មកផ្ទះវិញ ហើយគ្រោងនឹងឡើងរថយន្តទៅប្ដឹងជាលើកទី២ទៀតដើម្បីឲ្យជួយរក យុត្តិធម៌។
ទាក់ទិន នឹងរឿងនេះនៅមិនទាន់បានការបំភ្លឺពីនាយខណ្ឌបានទេ ដោយទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។ តែទោះជាយ៉ាងណាក្ដីយើងនៅតែរង់ចាំការស្រាយបំភ្លឺរបស់លោកនៅពេលក្រោយទៀត៕