រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាមេភូមិទឹកល្អក់ទី២ បានបើករថយន្តទៅបុករះបង្គោលភ្លើងបាក់ ១ដើម ហើយជ្រុលទៅបុកម៉ូតូសង់កូរ៉េ ១គ្រឿងទៀត បណ្តាលឲ្យខ្ទេច រួចចុះមកស្រែកអួតក្អេងក្អាងយកឈ្មោះឧបនាយករដ្ឋមន្ត្រីមកអាង ។ ហេតុការណ៍បុករះដែលបង្កដោយមេភូមិទំនើងនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ០៥នាទី យប់ថ្ងៃទី០៩ វិច្ឆិកា ២០១៣ នៅចំណុចមុខហាង KFC ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
បុរសដែលបង្កនោះមាន ឈ្មោះ សារឿន អាយុប្រមាណជា ៣៥ឆ្នាំ ត្រូវជាមេភូមិទឹកល្អក់ទី២ ជិះរថយន្តឡិចស៊ីស៤៧០ មួយគ្រឿង រួមដំណើរជាមួយនារីវ័យក្មេង ៤ ទៅ ៥នាក់ ក្នុងរថយន្ត ផងដែរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា រថយន្តឡិចស៊ីស៤៧០ ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-7091 បើកបរដោយលោកមេភូមិទឹកល្អក់ទី២ ស្រវឹងស្រាជោក រួមដំណើរជាមួយនារីវ័យក្មេង ៤ ទៅ ៥នាក់ ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកែងផ្លូវ២៦១ រថយន្តបានបត់ស្តាំ ក៏ជ្រុលល្បឿនទៅបុកបង្គោលភ្លើង ១ដើម បណ្តាលឲ្យបាក់ ហើយរថយន្តបានជ្រុលហួសទៅបុកម៉ូតូសង់កូរ៉េ ពណ៌ក្រហម ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1AE-7590 ដែលចតនៅមុខហាង KFC បណ្តាលឲ្យខ្ទេចរងការខូចខាតតែម្តង។
បន្ទាប់ពីបង្កហេតុហើយលោកមេភូមិរូបនោះ បានចុះពីរថយន្តហើយស្រែកអួតក្អេងក្អាងដោយយកឈ្មោះឧបនាយករដ្ឋមន្ត្រីមកអាងទៀតផង ដើម្បីឲ្យគេខ្លាចបើកុំតែសមត្ថកិច្ចមករំដោះចេញទៅទេ កុំអីមេភូមិពូកែអួតនោះ ត្រូវប្រជាពលរដ្ឋព្រួតវាយទ្រោមខ្លួនមិនខានឡើយ ព្រោះបង្កគ្រោះថ្នាក់ហើយ មកអាងអំណាចអ្នកធំ ដើម្បីគេចវេសពីកំហុសខ្លួនទៀត។ ក្រោយកើតហេតុ រថយន្តបង្ក និងម៉ូតូ ត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕