ខេត្ដបាត់ដំបង ៖ ជនសង្ស័យ ៣ នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីចាត់ការតាមនីតិវិធី ។ ជនសង្ស័យទាំង៣នាក់នោះមាន ១-ឈ្មោះ ហែម ផល្លា ហៅ ស្រស់ ភេទ ស្រី អាយុ៣៣ឆ្នាំ ២-ឈ្មោះ ហួរ ប៊ុនហេង ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង២នាក់ នេះរស់នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង និងទី៣-ឈ្មោះ សិទ្ធ សំរេច ហៅ ញ៉ាច់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ វត្ថុតាង ដែលដកហូតបានមានថ្នាំញៀនម៉ាទឹក កក៨កញ្ចប់រួមទាំងសម្ភារវេចខ្ចប់និង សម្ភារសម្រាប់សេព ទូរស័ព្ទ៣គ្រឿង កាបូបលុយ២ ម៉ូតូម៉ាកឃ្លីក១គ្រឿង ។
គួររម្លឹកថា មនុស្សប្រុសស្រី ៣ នាក់និងថ្នាំញៀនម៉ាទឹកកក ៨ កញ្ចប់ រួមទាំងសម្ភារវេចខ្ចប់និងឧបករណ៍ សម្រាប់សេពត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបងកសាងសំណុំរឿងពីបទជួញដូរដោយខុសច្បាប់នូវ សារធាតុញៀនបញ្ជូនទៅតុលាការនា ជនសង្ស័យទាំង ៣ នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបងចាប់បាន នៅវេលាម៉ោង ១៥ និង ៣០ នាទីថ្ងៃទី៦ ខែវិច្ឆិកានៅចំណុចផ្ទះជួលក្នុងភូមិសូភី១ សង្កាត់រតនៈ និងនៅម៉ោង១៣ ថ្ងៃទី៧ ខែវិច្ឆិកា នៅបន្ទប់២០៥ ផ្ទះសំណាក់ ស្ទឹងខៀវក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ហែម ផល្លា ហៅ ស្រស់ បានប្រាប់សមត្ថកិច្ចថា ខ្លួនទិញថ្នាំញៀនម៉ាទឹកកកពីឈ្មោះ សិទ្ធ សំរេច ហៅ ញ៉ាច់ ។ ចំណែកជនសង្ស័យឈ្មោះ សិទ្ធ សំរេច ហៅ ញ៉ាច់ បានប្រាប់ សមត្ថកិច្ចថា ខ្លួនធ្លាប់ទិញថ្នាំញៀន ពីឈ្មោះ ហ្វីន និងឈ្មោះ សាវ ឌី អាយុ ជាង២០ឆ្នាំ នៅខេត្ដបន្ទាយមានជ័យ យកមករំលែកជាថង់តូចៗលក់បន្ដ ហើយនៅម៉ោង១រសៀល ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៣ ខ្លួនបានយកថ្នាំញៀន ទៅលក់នៅបន្ទប់២០៥ ផ្ទះសំណាក់ ស្ទឹងខៀវ ក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ក៏ត្រូវសមត្ថកិច្ចឃាត់ ខ្លួនតែម្ដង ។
ជនសង្ស័យទាំង៣នាក់និង វត្ថុតាងថ្នាំញៀន៨កញ្ចប់រួមទាំងសម្ភារសម្រាប់វេចខ្ចប់និងសេព ត្រូវកសាង សំណុំរឿងពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនបញ្ជូនទៅតុលាការនារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីចាត់ការតាមនីតិវិធី ៕