​​ក្រដាស​ប្រាក់​២.០០​០​រៀលថ្មី ​ត្រូវ​បាន​ធនាគារជាតិ​កម្ពុជា ប្រកាសចេញផ្សាយឲ្យ​ចរាច

, , Leave a comment

រាជធានី​ភ្នំពេញ ៖ អនុលោម​តាម​អនុក្រឹត្យ​លេខ​៤៩៨ អនក្រ​.​បក របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្តីពី​ការចេញផ្សាយ​ធនប័ត្រ​អនុស្សាវរីយ៍ ប្រភេទ​ក្រដាសប្រាក់​២០០០​រៀល ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​ផ្សាយ​ជា​សាធារណៈ​នូវ​លក្ខណៈ​សម្គាល់​នៃ​ធនប័ត្រ​អនុស្សាវរីយ៍​នេះ ដែលមាន​ទំហំ​ធនប័ត្រ បណ្តោយ​១៤៦​មិល្លីម៉ែត្រ និង​ទទឹង​៦៨​មិល្លីម៉ែត្រ ។ ពណ៌​ចម្បង គឺ​ពណ៌​បៃតង ពណ៌​លឿងខ្ចី និង​ពណ៌​ក្រមៅ ។​

 

​ផ្ទៃ​ខាងមុខ ផ្នែក​កណ្តាល ខាងស្តាំ​ត្រូវបាន​រំលេច​ឡើង​នូវ​ព្រះឆាយាល័ក្ខណ៍​មើល​ពីមុខ​បញ្ឆិត​ចំហៀង​ខាងឆ្វេង​នៃ​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​មាន​ចារឹក​អក្សរ «​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​វរ្ម័ន ព្រះបិតា​ឯករាជ្យ​ជាតិ​» ។ នៅ​ពីក្រោម​ខាងឆ្វេង​មាន​លេខ «២០០០» នៅ​ពីលើ​គេ បន្ទាប់មក​គឺជា​ហត្ថលេខា​របស់​ទេសាភិបាល និង​អគ្គ​បេឡា ព្រមទាំង​រូបភាព​ព្រះសង្ហារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅ​ខាងក្រោម​មាន​លេខ​-​មាលា​ដែល​បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ខ្មៅ រូបភាព​នាគ​ក្បាល​៥ ដែល​យក​គំរូ​តាម​ចម្លាក់​នៅ​វិមានឯករាជ្យ និង​អក្សរ «​ពីរពាន់​រៀល​» ព្រមទាំង​អក្សរ «​អ្នក​ក្លែង​ក្រដាសប្រាក់​នឹងត្រូវ​ផ្តន្ទាទោស​តាមច្បាប់​» នៅ​គែម​ខាងក្រោម​នោះ និង​មាន​បន្ទះ​ពណ៌​ទឹកមាស អម​សងខាង​ដោយ​បន្ទះ​ពណ៌​ផ្ទៃមេឃ ដែលមាន​ទំហំ​សរុប​៨​មិល្លីម៉ែត្រ កាត់​ទទឹង​ក្រដាសប្រាក់​ពីលើ​ដល់​ក្រោម ។​

 

​ផ្នែក​ខាងស្តាំ ជ្រុង​លើ​មាន​អក្សរ «​ធនាគារជាតិ​នៃ​កម្ពុជា​» ព្រមទាំង​លេខ​-​មាលា ដែល​ត្រូវបាន​បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ក្រហម​នៅ​ពីក្រោម​នោះ និង​ជ្រុង​ខាងក្រោម​មាន​លេខ «២០០០» និង «2000» នៅ​បន្ទាប់​គ្នា ។

 

​ផ្នែក​ខាងឆ្វេង មាន​លេខ «2000» ព្រាលៗ​ដែល​ត្រូវបាន​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ និង​មាន​ផ្ទៃ​បោះពុម្ព​ពិសេស​ពណ៌​ទឹកប្រាក់​ទំហំ​១០​មិល្លីម៉ែត្រ កាត់​ទទឹង​ក្រដាសប្រាក់​ពីលើ​ដល់​ក្រោម ។​

 

​ចំណែក​ផ្នែក​ខាង​ខ្នង ផ្នែក​កណ្តាល ត្រូវបាន​រំលេច​ឡើង​នូវ​រូបភាព​ឯកសារ​ស្តីពី​ព្រះរាជ​បូជនីយកិច្ច​នៃ​អតីត​ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​វរ្ម័ន ក្នុងការ​ដឹកនាំ​ចលនា​តស៊ូ​ទាមទារ​ឯករាជ្យ​ជាតិ ពី​សំណាក់​ពួក​អាណានិគមនិយម​បារាំង និង​មាន​អក្សរ «​ពីរពាន់​រៀល​» នៅ​ពីក្រោម​នោះ ។​

 

​ផ្នែក​ខាងស្តាំ មាន​រូបភាព​វិមានឯករាជ្យ និង​មាន​លេខ «២០០០» នៅ​ពីក្រោម​នោះ ព្រមទាំង​លេខ «2000» ដែល​ត្រូវបាន​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ​នៅ​ជ្រុង​ខាងលើ ។​

 

​ផ្នែក​ខាងឆ្វេង ខាងលើ​មាន​អក្សរ «​ធនាគារជាតិ​នៃ​កម្ពុជា​» នៅ​កណ្តាល​មាន​ចារឹក​អក្សរ «​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៣)» និង​នៅ​ខាងក្រោម​មាន​លេខ «២០០០» ដែលមាន​លេខ​តូច «២០១៣» នៅ​ពីលើ​នោះ ។​

80-11-2013 (2)

ផ្នែក​ខាង​មុខ​

80-11-2013 (1)

ផ្នែក​ខាង​ក្រោយ

 

​ចាប់​ពីថ្ងៃ​ចេញប្រកាស​នេះ​តទៅ ធនប័ត្រ​អនុស្សាវរីយ៍ ប្រភេទ​២០០០​រៀល ត្រូវបាន​ដាក់ឱ្យ​ធ្វើចរាច​រណ៍​ទន្ទឹមគ្នា​ជាមួយនឹង​ធនប័ត្រ​ជាតិ​ប្រភេទ​ផ្សេងៗ​ទៀត ដែល​ត្រូវបាន​ចេញផ្សាយ​កន្លងមក ។ សាធារណជន​គ្រប់រូប​ត្រូវ​ពិនិត្យ​-​សម្គាល់​ធនប័ត្រ​ថ្មី​នេះ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ចៀស​វាស​ការភ័ន្តច្រឡំ ៕​

 

Leave a Reply

(*) Required, Your email will not be published