ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលត្រូវបានក្មួយចិត្តតិរច្ឆានយកដំបងវាយក្បាល ។ ហេតុការណ៍កាលពីវេលាម៉ោង ៧ និង១៥ នាទីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បុរសរងគ្រោះឈ្មោះ ភីន ភាព អាយុ២៨ឆ្នាំ មានប្រពន្ឋឈ្មោះ ពុំ អិត អាយុ ២៥ ឆ្នាំ មានកូន០៣នាក់ ។ ជនដៃដល់ឈ្មោះ ពឿន ខ្នា អាយុ២២ឆ្នាំ ។ អ្នកទាំងអស់គ្នារស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះត្រឡប់ពីរកត្រីចូលមកក្នុងដីភូមិ ហើយក៏យកត្រីដែលខ្លួនរកបានចែករំលែក ឱ្យក្មួយដែលជាជនរងគ្រោះដែលនៅផឹកស៊ីក្បែរទីនោះ។ បន្ទាប់ពីពេលជនរងគ្រោះរើសត្រីចែកឱ្យក្មួយនោះ ពេលឃើញត្រីតូច ក៏ស្រាប់តែជនដៃដល់បានស្ទុះយកដំបងឈើជ្រុងធំប្រវែង ៦ តឹក លបវាយឪពុកមា ពីក្រោយចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ដួលសន្លប់នៅនឹងកន្លែង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ទោះបីមានកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូ ពេទ្យយ៉ាងណា ក៏ជនរងគ្រោះបានស្លាប់នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី០៨ វិច្ឆិកា គឺក្រោយការវាយប្រហារតែ១៤ម៉ោងប៉ុណ្ណោះ ៕