ខេត្តបន្តាយមានជ័យ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋដេញវាយ និងផ្តល់មួយដៃ មួយជើងជាជំនូនពេលរាត្រី ខណៈដែលត្រូវអ្នកភូមិស្រែកថាចោរ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅភូមិក្បាលស្ពាន០១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសសង្ស័យខាងលើត្រូវបានគេស្គាល់ឈ្មោះ ដែង សារី ភេទប្រុស អាយុ ៣១ឆ្នាំ ជាកម្មករលើកដាក់ផ្លែឈើ នៅផ្សាររុងក្លឿ ស្រុកអារញ្ញ ប្រទេសថៃ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុ ត្រូវបានអ្នកភូមិដេញវាយ និងកាប់សល់តែដង្ហើមចង្រិត បន្ទាប់ពីជាប់ចោទថាចោរ បណ្តាលឱ្យរបួសត្រង់ថ្គាមខាងឆ្វេង០១កាំបិតប៉័ងតោ ចង្កេះមួយពូថៅ និងវាយទ្រមខ្លួនដេកដួលក្នុងភក់។
បើតាមស្ត្រីម្នាក់ឈ្មោះ ឈុំ វឿន អាយុ២៩ឆ្នាំ ជាម្ចាស់បន្ទប់ជួលចំណុចកើតហេតុ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា ប៉ុន្មានថ្ងៃជាប់គ្នានេះ អ្នករស់នៅម្តុំផ្ទះរបស់គាត់ បានបាត់របស់របរ ជាបន្តបន្ទាប់ ហើយអំពូលភ្លើងមុខផ្ទះគាត់ក៏មានគេលួចបិទ២យប់ជាប់គ្នាផងដែរ ។ ស្ត្រីបន្តថា លុះវេលាទៀបភ្លឺនេះ ក៏មានអ្នកស្រុកស្រែកថា ចោរៗក៏មានការភ្ញាក់ផ្អើល ឆោឡោពីមុខផ្ទះរបស់គាត់ ហើយអ្នកស្រុកក៏នាំគ្នាដេញវាយជនសង្ស័យ ខណៈគាត់មិនដឹងរឿងអីនោះទេ គឺកំពុងដេកលង់លក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដឹកទៅព្យាបាល ។ នៅក្នុងមន្ទីរពេទ្យ ជនសង្ស័យអះអាងថា ខ្លួនមិនបានដឹងរឿងអ្វីនោះទេ ខណៈកំពុងដើរទៅរកមិត្តភក្តិម្នាក់ឈ្មោះ បួក ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ក៏ត្រូវអ្នកស្រុកស្រែកថាចោរ ចោរ ហើយដេញវាយនិងកាប់មកខ្លួនតែម្តង ៕