សហរដ្ឋអាមេរិក ៖ បារាំង អាមេរិក និងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាំមុខគេជាច្រើនទៀតបានស្វាគមន៍ជាទូទៅចំពោះការបាក់ទ័ពរត់ខ្ចាត់ខ្ចាយរបស់ក្រុម M23 នៅឯកិច្ចពិភាក្សាស្តីពីប្រទេស ដែលរងគ្រោះដោយជម្លោះនេះ។ ប៉ុន្តែប្រទេសរ្វ៉ាន់ដា ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខបណ្ដោះអាសន្នមួយដែលជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធក្នុងជម្លោះឆ្លងកាត់ព្រំដែនខ្លួន នោះបានអំពាវនាវឲ្យមានការផ្ដោតជាថ្មីទៅលើក្រុមឧទ្ទាមដែលប្រឆាំងនឹងរដ្ឋាភិបាលខ្លួនវិញ។
ចំណែកប្រេសិតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ទាហានសន្តិសុខអង្គការសហប្រជាជាតិនឹង ជួយពង្រឹងតំបន់ព្រំដែនរបស់សា ធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដើម្បីបញ្ឈប់ក្រុមឧទ្ទាម និងអាវុធកុំឲ្យឆ្លងកាត់ចូលទៅក្នុងប្រទេសរ្វ៉ាន់ដា បន្ទាប់ពីការរត់ខ្ចាត់ខ្ចាយ របស់ក្រុមយុទ្ធជនបះបោរ M23។
តំណាង អ.ស.ប.ប្រចាំកុងហ្គោ លោកម៉ារទីន កូប្ល័រ បានថ្លែងថា បេសកកម្មរក្សាសន្តិភាព អ.ស.ប. MONUSCO នឹងពង្រឹងមូលដ្ឋាន ព្រំដែនដើម្បីបញ្ឈប់ក្រុមឧទ្ទាម អំបូរហ៊ូទូនកម្លាំងប្រជាធិបតេយ្យដើម្បីរំដោះរ្វ៉ាន់ដា (FDLR) ដែលកំពុងឆ្លងទៅក្នុងប្រទេសរ្វ៉ាន់ដា។
លោក កូប្ល័រ ត្រូវបានស្រង់សម្ដីដូចបានប្រាប់ជំនួបបិទទ្វារថា យើងត្រូវតែបន្ថែមកម្លាំងតាមមូលដ្ឋាន MONUSCO នៅទូទាំងព្រំដែន ដើម្បីបញ្ចៀសលំហូរអាវុធ ឆ្លងកាត់ព្រំដែននិងបញ្ចៀសក្រុម FDLR ឆ្លងទៅកាន់រ្វ៉ាន់ដា ។ ទាហាន អ.ស.ប.ជាកម្លាំងអន្តរាគមន៍ពិសេសថ្មីមួយ បានគាំទ្រការវាយប្រហាររបស់កម្លាំងរដ្ឋាភិបាលដែលក្នុងសប្ដាហ៍នេះបានកម្ចាត់ឧទ្ទាម M23 ដែលបានធ្វើការបះបោរនៅភាគខាងកើតកុងហ្គោ កាលពីដើមឆ្នាំ២០១២។
រដ្ឋាភិបាលរ្វ៉ាន់ដាបានព្រមានថា ខ្លួននៅតែត្រៀមខ្លួនជាស្រេចធ្វើអន្តរាគមន៍នៅកុងហ្គោ ហើយសារនេះត្រូវបានពង្រឹងបន្ថែម ដោយប្រេសិត អ.ស.ប. ប្រតិបត្តិការរបស់កម្លាំង FDLR ដែលឆ្លងកាត់ទូទាំងព្រំដែននេះ បានធ្វើឲ្យរ្វ៉ាន់ដា ខឹងយ៉ាងខ្លាំង។ លោក Gasana បានប្រាប់កិច្ចប្រជុំនេះថា រ្វ៉ាន់ដានៅតែត្រៀមខ្លួនជានិច្ចដើម្បីប្រើគ្រប់មធ្យោបាយ ដើម្បីការពារពលរដ្ឋ និងទឹកដី ។ បន្ទាប់ពីមក លោក Gasana បានប្រាប់ក្រុមអ្នកកាសែតថា ក្រុម ប្រឹក្សាសន្តិសុខគួរតែបញ្ជាឲ្យកងពលតូចអន្តរាគមន៍នៅកុងហ្គោវាយក្រុម FDLR និងក្រុមប្រដាប់អាវុធផ្សេងទៀត៕