ក្រុងដាម៉ាស ៖ នៅរុស្ស៊ីអនុរដ្ឋមន្ត្រីការបរទេសលោក មីខាអ៊ីល បក់ដាណូវ បានថ្លែងថា ក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចដើម្បីរៀបចំធ្វើកិច្ចពិភាក្សាក្រៅផ្លូវការរវាងរបបរបស់លោកប្រធានា ធិបតីស៊ីរី បាសារ អាល់អាសាដ និងក្រុមប្រឆាំង ។ ការវាយប្រហារគ្រាប់បែកនៅក្នុងក្រុងដាម៉ាស និងនៅភាគខាងត្បូងស៊ីរី បានសម្លាប់មនុស្សយ៉ាងតិច ១៦ នាក់ កាលពីថ្ងៃពុធមួយថ្ងៃបន្ទាប់ពីក្រុមម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន បានបរាជ័យមិនបានប្រកាសកាលបរិច្ឆេទមួយ សម្រាប់កិច្ចពិភាក្សាសន្តិភាពដែល បានស្នើសុំ។
ទីភ្នាក់ងារព័ត៌មានរដ្ឋសាណាបានរាយការណ៍ថា នៅក្នុងប្រទេសស៊ីរី មនុស្សយ៉ាងតិច ៨ នាក់ ត្រូវបានសម្លាប់និង ៥០ នាក់ទៀតបានរងរបួសក្នុងក្រុងដាម៉ាស ដោយសារការផ្ទុះគ្រាប់បែកមួយនៅក្នុងកណ្ដាលទីលានហ៊ីចាស។ក្រុមមន្ត្រីរុស្ស៊ី និងអាមេរិកកាលពីថ្ងៃអង្គារបានបរាជ័យមិនយល់ព្រមគ្នាលើកាលបរិច្ឆេទសម្រាប់សន្និសីទសន្តិភាពតាមសំណើនៅក្រុងហ្សឺណែវដែលត្រូវបានពន្យារពេលជាច្រើនដងមកហើយ។
ទីភ្នាក់ងារនោះបាននិយាយថា មនុស្ស៨នាក់ក្នុងនោះមានទាំងស្ត្រីពីរនាក់ផងដែរ ត្រូវបានសម្លាប់ក្នុងការផ្ទុះមួយដែលបង្កដោយគ្រាប់បែកមួយគ្រាប់ដែលក្រុមភេរវករ បានដាក់បង្កៃនៅឯច្រកចូលទៅក្រុមហ៊ុនផ្លូវដែកហ៊ីចាស ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា នៅទីក្រុងស្វែដា ភាគខាងត្បូង មន្ត្រីចារកម្ម៨នាក់ត្រូវបានសម្លាប់ នៅពេលជនគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះរថយន្តមួយគ្រឿងនៅក្រៅមូលដ្ឋានរបស់ពួកគេ។
ក្រុងនេះគឺជាមូលដ្ឋានរបស់ជនជាតិភាគតិចទ្រូហ្សេ និងនៅក្រោមការគ្រប់គ្រងរបស់របបលោកអាសាដ។ ទីភ្នាក់ងារសាណាក៏បានរាយការណ៍ពីការវាយប្រហារនោះដែរ ដោយស្រង់ប្រភពប៉ូលិសមួយដែលបាននិយាយថាមនុស្ស៨នាក់ ត្រូវបានសម្លាប់និង៤១នាក់ទៀត បានរងរបួស។ នៅខេត្តហូមភាគកណ្ដាល ក្រុមឃ្លាំមើលនេះបានរាយការណ៍ថា ក្រុមឧទ្ទាមបានកាន់កាប់ឃ្លាំងអាវុធសំខាន់មួយកន្លែងបន្ទាប់ពីមានការវាយប្រហារពីរសប្ដាហ៍។
ក្រុមនេះបាននិយាយថា ក្រុមឧទ្ទាមបានរឹបអូសអាវុធមួយចំនួនធំពីឃ្លាំងអាវុធដ៏ធំ នៅក្រៅទីប្រជុំជន ម៉ាហ៊ីននោះ។ ប៉ុន្តែមន្ត្រីសន្តិសុខរបបនេះម្នាក់បានបដិសេធរបាយការណ៍នោះដោយនិយាយថា ការប្រយុទ្ធគ្នានេះកំពុងតែបន្ត។ ក្រុមភេរវករមិនបានយកអាវុធណានោះទេ និងមានការបាត់បង់ជាច្រើនក្នុងជួរទ័ពរបស់ពួកគេ។
ក្រុមឃ្លាំមើលនេះបានរាយការណ៍ថាក្រុមឧទ្ទាមជាង៥០នាក់ និងក្រុមអ្នកស្មោះត្រង់នឹងរដ្ឋាភិបាល២០នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដើម្បីមូលដ្ឋាននោះកាលពីថ្ងៃអង្គារតែមួយគត់។ នៅភាគខាងជើងឯណោះវិញ កងទ័ពរដ្ឋាភិបាលបានដណ្ដើមកាន់កាប់ភាគច្រើនបំផុត នៃទីប្រជុំជនជាយុទ្ធសាស្ត្រតាល់អារ៉ាននៅខាងត្បូងក្រុងអាឡិបប៉ូជាការលើកស្ទួយយកិច្ចប្រឹងប្រែងមួយទៀតដើម្បីពង្រឹងផ្លូវផ្គត់ផ្គង់ទៅកាន់ក្រុងអាឡិបប៉ូ៕