រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់បុរសម្នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរចារណ៍មួយនៅលើកំណាត់ផ្លូវជាតិលេខ ៤ ។ ហេតុការណ៍គ្រោះថ្នាក់ចរារចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៧ យប់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើត ហេតុមានបុរសមិនស្គាល់ឈ្មោះម្នាក់ អាយុជាង៣០ឆ្នាំ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមគ្មានស្លាកមួយគ្រឿងតាម បណ្ដោយផ្លូវជាតិលេខ៤ពិលិចទៅកើត។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែបុរសរូបនេះបានបត់ ម៉ូតូទៅខាងឆ្វេងដៃធ្វើឱ្យជនរងគ្រោះ ម្នាក់ឈ្មោះ ស៊ីឡា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1BT-7560 ក្នុងល្បឿនលឿនមក ដល់ចាប់ហ្វ្រាំងមិនទាន់ក៏បុកម៉ូតូសង់ កូរ៉េបណ្ដាលឱ្យដួល និងរបួសខ្លួនឯងភ្លាម មួយរំពេច ។ រីឯអ្នកបើកម៉ូតូម៉ាកសង់កូរ៉េដែលរងរបួសស្រាលនោះ ដោយឃើញឱកាសល្អ ខណៈដែលភាគីអ្នកជិះម៉ូតូហុងដាសន្លប់ និងមិនទាន់មានការអន្ដរាគមន៍ពីប្រជាពលរដ្ឋ និងសមត្ថកិច្ច ក៏លើកម៉ូតូបញ្ឆេះជិះគេចខ្លួនបាត់ទៅ ។
ដោយឡែកជនរងគ្រោះត្រូវបានដឹកតាមរថយន្ដសាមុយទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈភ្លាមៗ និងម៉ូតូដែលរងការ ខូចខាតតិចតួចត្រូវបាននគរបាលប៉ុស្ដិ៍ ចោមចៅយកទៅរក្សាទុកជូនជនរងគ្រោះផងដែរ ៕