ប្រទេសចិន ៖ អ្នកនាំពាក្យលោក Hong Lei បានថ្លែងនៅក្នុងកាសែតប្រចាំថ្ងៃរបស់ក្រសួងនេះដោយឆ្លើយតបខ្លីៗ ចំពោះសំណួរមួយអំពីពលរដ្ឋចិន៣នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសតង់ហ្សានី ដែលពាក់ព័ន្ធមានភ្លក់ដំរី១គំនរភ្នំ នៅក្នុងលំនៅដ្ឋានរបស់ពួកគេ ។ បើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសនិយាយប្រាប់កាលពីថ្ងៃពុធថា ប្រទេសចិនបានប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរភ្លក់ដំរី យ៉ាងខ្លាំងក្លាបំផុត និងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារសត្វព្រៃ ។
លោក Hong បាននិយាយថា ចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុត ចំពោះករណីនេះ ។ ចំណែកអគ្គរដ្ឋទូតចិនប្រចាំប្រទេសតង់ហ្សានី បានធ្វើការត្រួតពិនិត្យភ្លាមៗអំពីព័ត៌មាននេះ និងធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការបរបាញ់ និងជួញដូរភ្លក់ដំរីនេះ ហើយក៏សន្យាសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសទាំងនេះផងដែរ ។ គាត់បាន កត់សម្គាល់ថា ស្ថានទូតបានអំពាវនាវដល់អ្នកទេសចរចិនទាំងអស់ ត្រូវគោរពតាមច្បាប់ និងចៀសឲ្យឆ្ងាយពីការជួញដូរភ្លក់ដំរី ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ថា មានភ្លក់ដំរី ៧០៦, ទម្ងន់ ១,៨០០ គីឡូក្រាម ត្រូវបានរឹបអូសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅក្នុង Dar es Salaam ប្រទេសតង់ហ្សានី ពីផ្ទះពាណិជ្ជករខ្ទឹមជនជាតិ ៣ នាក់ ។ កាលពីថ្ងៃចន្ទ អ្នកទាំង៣នេះ ក៏ត្រូវបានចោទប្រកាន់ជាជនសង្ស័យតែម្តង ។
លោក Hong បានបន្ថែមថា រដ្ឋាភិបាលចិន បានប្រឆាំងយ៉ាងខ្លាំងក្លាបំផុត ចំពោះការបរបាញ់ និងជួញដូរភ្លក់ដំរី និងចាត់វិធានការរួមទាំង ការបង្កើតច្បាប់, ការអនុវត្តន៍ច្បាប់រួមបញ្ចូលគ្នា និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ការជួញដូរភ្លក់ដំរីនេះ ។
មន្ត្រីគយ Xiamen បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានចាប់ឃាត់ខ្លួនជនជួញដូរភ្លក់ដំរី ២ នាក់ កាលពី ២ឆ្នាំមុន និងរឹបអូសបានភ្លក់ដំរី ១១.៨៨ តោន ហើយផលិតផលភ្លក់ដំរីទាំងនោះ មានតម្លៃសរុប ៩៨.៨ លានដុល្លារ ឯណោះ ។
ទីភ្នាក់ងារសារព័ត៌មាន AFP ក៏បានរាយការណ៍ថា បុរសជនជាតិចិនម្នាក់ ត្រូវបានចាប់ខ្លួន ក្នុងខែតុលា នៅអាកាសយានដ្ឋានដ៏សំខាន់មួយ របស់ប្រទេស ហ្ស៊ីមបាវ៉េ ដែលបានប៉ុនប៉ងរត់ពន្ធភ្លក់ដំរី ចេញពីប្រទេសនេះ ។
រីឯរបាយការណ៍ដកស្រង់ពីអាជ្ញាធរសត្វព្រៃហ្ស៊ីមបាវ៉េ បានឲ្យដឹងថា បុរសអាយុ ៣៤ ឆ្នាំ ម្នាក់ ដែលបានកំពុងព្យាយាមឡើងយន្តហោះ ទៅកាន់ប្រទេសម៉ាឡេស៊ី ដោយនាំយកភ្លក់ដំរីមិនទាន់កែច្នៃ ១៧ និងភ្លក់ដំរីកែច្នៃជាច្រើនទៀត ទម្ងន់ ១១៣.៩ គីឡូក្រាម ដែលមានតម្លៃ ២៨,២៥០ ដុល្លារ ៕