ភាពខ្វល់ខ្វាយតែងតែជាស្រមោលលងបន្លាច នូវស្មារតី និងសតិអារម្មណ៍ចំពោះមនុស្សដែលជាភាវមួយភ្ញោចក្នុងខួរក្បាល។ ៩៤% នៃបុរសត្រូវបានសម្ភាសន៍ឲ្យដឹងថា ពួកគេខ្វាយខ្វល់ បំផុត នឹងត្រូវទំពែកក្បាលប្រៀបនឹង ៨៩% បារម្ភអំពីការជួបបញ្ហាក្នុងរឿង “សិច”… ។ ដំណើរការជីវភាពតែង បង្កឥទ្ធិពលអសកម្មច្រើន ទៅដល់សុខភាពរបស់មនុស្ស ។ ថ្មីៗនេះពួកអ្នកស្រាវជ្រាវបានរកឃើញបញ្ហាគួរឲ្យខ្លាចបំផុត តាមលងអារម្មណ៍បុរសពេលចាស់ទៅ ។
លទ្ធផលអង្កេតលើបុរសអង់គ្លេស ២០០០ នាក់ ថ្មីៗនេះ បង្ហាញថា
បុរសមានអារម្មណ៍ថា ក្បាលទំពែក គឺជា “សត្រូវទីមួយ” គួរឲ្យខ្លាចបំផុត និងថែមទាំងធំជាងបញ្ហា “អសមត្ថភាពផ្លូវភេទ” ។ ជាក់ស្តែងអ្នកចូលរួមសម្ភាសន៍ត្រូវបានសួរអំពីរឿងអ្វីដែលគេខ្លាចបំផុត ពេលចាស់ទៅ ហើយចម្លើយទទួលបានគឺ ៩៤%, បារម្ភនឹងត្រូវទំពែកក្បាល, ៨៩% ភ័យខ្លាចជួបបញ្ហាក្នុងរឿង “សិច” ។ ក្នុងពេលនោះ ៧៥% ខ្វាយខ្វល់អំពីរឿងមានសក់ស្កូវ, ៦៤% ខ្លាចធាត់ និង ៦១% មិនចង់ប្រឈមមុខជាមួយបញ្ហាជ្រុះឆ្មេញ ។ ពាក់វ៉ែនតាក្រាស់, ត្រចៀកធ្ងន់ និងដង្ហើមប្រែជាមានក្លិនមិនល្អ គឺមានអត្រា ៤៥%, ៣១% និង ២៤% ។
ជំនាញការចិត្តសាស្ត្រ Toni Mackenzie ឲ្យដឹងថា ក្នុងពេលជំងឺជ្រុះសក់ និងទំពែក នៅស្ត្រី ត្រូវបានចាត់ទុកជាធ្ងន់ធ្ងរ និងចាំបាច់ត្រូវបានព្យាបាលយ៉ាងរហ័ស នោះបុរសគួរតែចាត់ទុកដូចជាបញ្ហាធម្មតា និងត្រូវទទួលស្គាល់ថា ត្រូវ “រួមរស់ជាមួយវា” ។ អ្នកស្រី Toni ឲ្យដឹងបន្ថែមថាៈ “លើសភាពជាក់ស្តែង នោះក្បាលទំពែកជាកង្វល់ ដែលរំខានដល់ផ្លូវចិត្ត និងនឿយហត់ សម្រាប់បុរស ។ ពួកគេមិនអាចលាក់បាំងក្បាលទំពែករបស់ខ្លួន គ្រប់ពេល គ្រប់ទីកន្លែងបាន ។ ក្នុងពេលនោះ មនុស្សមួយចំនួន ចាត់ទុកនេះជាប្រធានបទមួយ ដើម្បីចំអន់លេង ។ រឿងនេះ បង្កសម្ពាធយ៉ាងធំ ឲ្យបុរស និងឥទ្ធិពលធ្ងន់ធ្ងរដល់ស្ថានភាពរាងកាយ និងស្មារតីរបស់គេ ជាពិសេស គឺជំនឿចិត្តលើខ្លួនឯង ពេលប្រាស្រ័យទាក់ទង” ៕