ខេត្ដកំពត ៖ ការសម្លាប់ខ្លួនបានក្លាយទៅជាមធ្យោបាយចម្បងមួយ មិនថា យុវវ័យ ឬ មជ្ឈិមវ័យតែងតែជ្រើសរើសវិធីនេះមកដោះស្រាយ ។ ដំណោះស្រាយនេះក៏ត្រូវបាននារីម្នាក់រើសយកមកប្រើ គ្រាន់តែខឹងនឹងសង្សា សុំចែកផ្លូវគ្នា ។ ហេតុការភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅព្រែកកំពង់បាយ ទល់មុខមន្ទីរពេទ្យបង្អែកខេត្ត។
នារីដែលគិតខ្លីសម្លាប់ខ្លួនមានឈ្មោះ ស្រីម៉ៅ អាយុ២៥ឆ្នាំ នាងជាស្ដ្រីលក់ស្រាបៀរក្នុងហាងខារ៉ាអូខេក្នុងក្រុងកំពត ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ប្រភពព័ត៌មានពីមិត្តភក្តិនារីគិតខ្លីនេះបានឲ្យដឹងថា ស្ដ្រីម្នាក់បានលេបថ្នាំប៉ុនប៉ងធ្វើអត្ដឃាតដោយសារខឹងនឹងប្រុសស្នេហ៍សុំចែកផ្លូវគ្នា ក្រោយពីប្រុសស្នេហ៍នោះដឹងថានាងធ្លាប់មានប្រុសស្នេហ៍មុនម្ដង រួចហើយ តែត្រូវបែកគ្នា និងទើបមកជួបខ្លួនជាប្រុសស្នេហ៍ទី២ ។ នៅពេលប្រុសស្នេហ៍ទី២សុំចែកផ្លូវគ្នានោះ នាងតូចចិត្ដក៏លេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួនតែពុំមានអ្នកណាដឹង ថា ជាថ្នាំអ្វីទេ ។
ក្រោយពីឃើញនាងក្អួត អ្នកជិតខាងក៏ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ដនៅវេលាម៉ោង១១និង ១៥នាទីព្រឹកថ្ងៃទី៥ វិច្ឆិកា លុះមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏ជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។ ប៉ុន្ដែនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលនោះនាងក៏បានផ្ដាច់ សេរ៉ូមចេញរួចរត់មកលោតទឹកព្រែកកំពង់បាយ ទល់មុខមន្ទីរពេទ្យទៀត ហើយត្រូវបានមិត្ដភក្ដិ២នាក់ជាស្ដ្រីដូចគ្នា និងប្អូនស្រីម្នាក់ដឹងទាន់ចុះទៅស្រង់ពីក្នុងទឹករួចផុតពី គ្រោះថ្នាក់ដល់អាយុជីវិត ។ ស្ដ្រីរូបនេះ កន្លងមកធ្លាប់មានគូស្នេហ៍រស់នៅជាមួយគ្នាដូចប្ដីប្រពន្ធអស់មួយ រយៈមកហើយ ដែលគូស្នេហ៍នោះជាមន្ដ្រីប៉ូលិស ។ ក្រោយមកបានបែកគ្នាពីគូស្នេហ៍នោះ ហើយក៏ទៅជួបជាមួយបុរសចំណាស់ម្នាក់ជាគូស្នេហ៍បន្ទាប់ ។
ប្រភពដដែលឱ្យដឹងទៀតថា គូស្នេហ៍បន្ទាប់នេះ ក្រោយពីដឹងថា ស្រីស្នេហ៍របស់ខ្លួនធ្លាប់មានប្រុសស្នេហ៍មុនជាមន្ដ្រីប៉ូលិស ប្រហែលជាខ្លាចមានបញ្ហាទៅថ្ងៃមុខ រូបគេក៏សុំចែកផ្លូវ ទោះបីស្ដ្រីរូបនេះអង្វរថាគ្មានបញ្ហា ក៏គូស្នេហ៍ចំណាស់រូបនោះមិនហ៊ានតស៊ូដែរ ទើបស្ដ្រីរូបនេះតូចចិត្ដប៉ងធ្វើអត្ដឃាតជាបន្តបន្ទាប់ ៕