ប្រទេសថៃ ៖ លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីនណាវ៉ាត់ត្រា នៅថ្ងៃចន្ទ បានស្រក់ទឹកភ្នែកបណ្តើរអំពាវនាវឲ្យគ្រប់ភាគីមានជម្លោះរឿងនយោបាយរួបរួមគ្នាបណ្តើរ។ លោកស្រីបានធ្វើបែបនេះខណៈបានជួបសមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលត្រូវបានសម្លាប់ក្នុងពេលបង្ក្រាបពួកបាតុករអាវក្រហម កាលពីឆ្នាំ២០១០ នៅឯវិមាននាយករដ្ឋមន្ត្រី ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ។
ការអំពាវនាវទាំងទឹកភ្នែករបស់លោកស្រី យីងឡាក់ បានកើតមានចំពេលដែលពួកគណបក្សប្រឆាំងបានដឹកនាំសកម្មជនប្រមាណ២ម៉ឺននាក់ ធ្វើបាតុកម្ម នៅទូទាំងក្រុងបាងកក ដើម្បីប្រឆាំងនឹងសេចក្តីព្រៀងច្បាប់លើកលែងទោសទូទៅ ។ លោកស្រីបានប្រាប់ប្រជាពលរដ្ឋដែលគាំទ្រដល់សេចក្តីព្រៀងច្បាប់ លើកលែងទោសទូទៅទាំងនោះថា មានតែច្បាប់លើកលែងទោសនេះទេដែលធ្វើឲ្យប្រទេសជាតិរីកចម្រើនទៅមុខ និងបញ្ចៀសការបង្ហូរឈាមដូចពេលមុន ។
យ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមទៀតថា លោកស្រីបានបញ្ជាឲ្យនគរបាលទាំងអស់មានភាពអត់ធ្មត់ចំពោះពួកបាតុករ។ ពួកបាតុករដែលដឹកនាំដោយសមាជិកសភាខាងគណបក្សប្រឆាំងគឺលោក ស៊ូថេប ធឿកស៊ូបាន បានទាមទារឲ្យលុបចោលផែនការលើកលែងទោស ហើយពួកគេអះអាងថានឹងធ្វើបាតុកម្មដលើទីបំផុត ប្រសិនបើមិនធ្វើតាមបំណងរបស់ពួកគេ។
ប្រសិនបើច្បាប់នេះត្រូវអនុម័តជាផ្លូវការណ៍នោះ ទណ្ឌិតទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះនយោបាយតាំងពីពេលធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០០៦ នឹងត្រូវលើកលែងទោស។ ពួកប្រឆាំងគិតថាច្បាប់នេះនឹងជួយឲ្យលោកថាក់ស៊ីនទទួលការលើកលែងទោស។ សភាប្រទេសថៃទើបតែបានបោះឆ្នោតគាំទ្រសេចក្តីព្រៀងច្បាប់នេះ ក្នុងនោះ មានសំឡេងគាំទ្រលើសលុប៕