ប្រទេសថៃ ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃអង្គារបង្ហាញពីគោលជំហររបស់មេដឹកនាំក្រុមជាតិនិយមក្នុងប្រទេសថៃ ដោយអះអាងថា ក្រុមរបស់ពួកគេប្រកាន់ជំហរប្រឆាំងនឹងសាលក្រមរបស់តុលាការយុត្តិធម៌ អន្តរជាតិក្រុងឡាអេ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហាររបស់កម្ពុជា។
យោងតាមប្រភពដដែល ពួកគេគ្រោងនឹងប្រឆាំងនឹងសាលក្រមអន្តរជាតិ ព្រោះតែពួកគេមិនទុកចិត្តដល់គណបក្សភឿថៃ ដែលដឹកនាំរាជរដ្ឋាភិបាលថៃ នាពេលបច្ចុប្បន្ន ដោយពួកគេគិតថា រាជរដ្ឋាភិបាលថៃគឺត្រៀមខ្លួនកាត់ទឹកដីឲ្យកម្ពុជា។
តុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស ICJ គ្រោងនឹងចេញសេចក្តីសម្រេចលើករណីប្រាសាទព្រះវិហារនេះ នៅចន្ទ ថ្ងៃ១១ វិច្ឆិកា ឆ្នាំ២០១៣ ពោលគឺបន្ទាប់ពីកម្ពុជា ស្នើតាំងពីខែមេសា ឆ្នាំ២០១១ ឲ្យតុលាការអន្តរជាតិមួយនេះបកស្រាយសាលក្រមរបស់ខ្លួន នាឆ្នាំ១៩៦២ ដើម្បីបញ្ជាក់ថា តើតំបន់ជុំវិញប្រាសាទបុរាណមួយនេះ ស្ថិតក្រោមអធិបតេយ្យភាពប្រទេសកម្ពុជា ឬប្រទេសថៃ។
ការប្រកាសប្រឆាំងនឹងសាលក្រមពីពួកជាតិនិយមថៃនេះបានកើតមាន បន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃមុននេះ ដែលអគ្គមេបញ្ជាកងទ័ពថៃបានចេញបំរាមមិនឲ្យមានសកម្មភាពបាតុកម្មនៅ ទីតាំងយុទ្ធសាស្ត្រនានា ដែលស្ថិតក្បែរតំបន់ព្រំដែនរវាងប្រទេសទាំងពីរឡើយ៕