រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែលជនរងគ្រោះជិះម៉ូតូយ៉ាម៉ាហាបើកវ៉ារថយន្ត ១គ្រឿង នៅពីមុខ ក៏ជ្រុលទៅបុករថយន្តសាំងយ៉ុង១គ្រឿងទៀតដែលបើកច្រាសទិសគ្នាបណ្តាលឲ្យរូបគាត់បផ្លោងហោះទៅបុកកញ្ចក់រថយន្តបែកមួកសុវត្ថិភាព ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤៥នាទី យប់ថ្ងៃទី០៥ វិច្ឆិកា ២០១៣ នៅចំណុចខាងលិចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូយ៉ាម៉ាហាពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1H-5173 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ខាងលិចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បុរសម្ចាស់ម៉ូតូបានបើកវ៉ារថយន្ត ១គ្រឿង នៅពីមុខ ក៏ជ្រុលទៅបុករថយន្តសាំងយ៉ុង ១គ្រឿងទៀត ពណ៌ទឹកប្រាក់លាយស ពាក់ស្លាកលេខ ភ្នំពេញ 2O-8503 ដែលបើកច្រាសទិសគ្នា បណ្តាលឲ្យរូបគាត់បផ្លោងហោះទៅបុកកញ្ចក់រថយន្តបែកមួកសុវត្ថិភាព បែកក្បាលស្លាប់ភ្លាមៗ តែម្តង ចំណែកអ្នកបើកបររថយន្តសាំងយ៉ុងបានរត់គេចខ្លួនបាត់។
ជនរងគ្រោះពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជា ៤០ឆ្នាំ ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកក្រុមគ្រួសារជនរងគ្រោះ ដើម្បីឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ និងរថយន្ត ត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយ៕