រាជធានីភ្នំពេញ ៖ ដោយសារភ្លើងតណ្ហាបានធ្វើឲ្យនារីពីរនាក់រងរបួសធ្ងន់ស្រាល ខណៈកំពុងបើកម៉ូតូលូកប្រលែងគ្នា បណ្តាលឲ្យទាក់ដៃនឹងចង្កូតម៉ូតូរ៉េទៅនឹងបង្គោលភ្លើង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅមុខភោជនីយដ្ឋាដើមគុជ ស្ថិតនៅតាមផ្លូវលេខ១០៧ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
តាមប្រភពអ្នកយាមនៅភោជនីយដ្ឋានដើមគុជដែលបានឃើញហេតុការណ៍បាននិយាយថា មុនកើតហេតុនារី២នាក់ម្នាក់ខាងលើ ជិះម៉ូតូឌុបគ្នាម៉ាកឃ្លីក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1O-0143 តាមផ្លូវលេខ១០៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ អ្នកអង្គុយនៅខាងក្រោយបានលូកដៃមកចាប់ចង្កូតម៉ូតូ បណ្តាលឲ្យដួលម៉ូតូខ្ទាតទៅប៉ះនឹងបង្គោលភ្លើង បណ្តាលឲ្យអ្នកបើកម៉ូតូរបួសបាក់កដៃឆ្វេង ចំណែកអ្នករួមដំណើររបួសកញ្ចឹងក និងរលាត់ដៃជើង។
ក្រោយកើតហេតុអ្នករបួសទាំង២នាក់ត្រូវបានដឹកតាមរថយន្តសង្គ្រោះ នៅគ្លីនិកឯកជនមួយ ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍បឹងព្រលិត ៕