ខេត្តសៀមរាប ៖ ជនសង្ស័យពីរដែលជាមុខសញ្ញាចោរកម្មយ៉ាងផុសផុលក្នុងខេត្ត ត្រូវបានបានសមត្ថកិច្ចនគរបាល ក្រុងសៀមរាប ធ្វើការបង្ក្រាបបានបន្ទាប់ពីពួកគេធ្វើសកម្មភាពកាលពីយប់ ។ ប្រតិបត្តិការបង្ក្រាបចោកាច់សោម៉ូតូដ៏សកម្មនេះបានកើតឡើងនៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃទី៥ ខែវិឆ្ឆិកា ឆ្នាំ២០១៣ នៅម្ដុំផ្សាចាស់ ឋិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំងពីរដែលត្រូវចាប់ឃាត់ខ្លួននោះមាន ១-ឈ្មោះ យ៉េន ភីន ហៅញាញ់ អាយុ ៣០ ឆ្នាំ រស់នៅភូមិត្រើងម៉ូយ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោយពីចាប់ខ្លួនសមត្ថកិច្ចបានរកឃើញឧបករណ៍សម្រាប់កាច់សោម៉ូតូមួយចំនួន និងកាំភ្លើងខ្លីកា៥៩.មួយដើមមាន ៤ គ្រាប់ ចំណែកម្នាក់ទៀតកំពុងបើកការស៊ើបអង្កេត ព្រោះជនម្នាក់នេះជាអ្នកដឹកពួកចោឲ្យធ្វើសកម្មភាពនិងមើលផ្លូវ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ច ដកហូតបានម៉ូតូ ២ គ្រឿងទី១ម៉ាកហុងដាព័ណខ្មៅសេរីឆ្នាំ២០១០ ពាក់ស្លាកលេខសៀមរាប1G-6571 និងមួយគ្រឿងទៀតម៉ាកហុងដាព័ណខ្មៅសេរី២០១៣ពាក់ស្លាកលេខភ្នំពេញ1AG-6055និងស្លាកលេខមួយទៀតបន្ទាយមានជ័យ1G-0808 មិនមានម៉ូតូទេ។
បច្ចុប្បន្នជនសង្ស័យទាំងពីរ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីចាត់ការបន្ត ។ ចំណែកម៉ូតូទាំងពីរខាងលើសមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋណាដែលបានបាត់ម៉ូតូសូមអញ្ជើញមករកមើលនៅការរយាល័យប៉ូលិសដើម្បីរកម៉ូតូរបស់ខ្លួនដែលត្រូវចោកាច់សោយកបាត់នោះ៕