រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ។ ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨ និង៣០នាទី យប់ថ្ងៃទី០៤ វិច្ឆិកា ២០១៣ នៅក្នុងហាងការ៉ាអូខេយីហោ រាត្រីសេកុង ស្ថិតតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះ ទេព វណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករោងចក្រកាត់ដេរ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ម្ចាស់ម៉ូតូឈ្មោះ ឡី គង់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅជាមួយជនសង្ស័យ ចំណែកម៉ូតូដែលជនសង្ស័យយកទៅលក់នោះ ម៉ាកស្កុបពីស៊េរីឆ្នាំ២០១១ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1C-2014។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យបានខ្ចីម៉ូតូពីជនរងគ្រោះជិះតាំងពីថ្ងៃទី០១ វិច្ឆិកា ២០១៣ ហើយបាត់រហូតលុះនៅយប់ថ្ងៃទី០៤ វិច្ឆិកា នេះ ទើបម្ចាស់ម៉ូតូប្រទះឃើញជនសង្ស័យនៅចំណុចខាងលើ ហើយសង្ស័យប្រហែលលក់យកលុយចូលការ៉ាអូខេផង ក៏ជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប ដើម្បីធ្វើការសួរនាំបន្ត និងកសាងសំណុំរឿងឡើងតុលាការ៕