ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ៣ នាក់ បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ខណៈដែលវិលត្រលប់ពីលេងផ្ទះជីដូននៅសង្កាត់និមិត្ត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើង កាលពីវេលាម៉ោង ៦ និង ៣០នាទី ល្ងាចថ្ងៃទី០៤ វិច្ឆិកា ២០១៣ នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ភាគីជនរងគ្រោះទើបមកពីលេងផ្ទះជីដូននៅឯភូមិនិមិត្ត២ សង្កាត់និមិត្ត ដោយជិះម៉ូតូម៉ាកស៊ុយស្សុគីស្មាស់ សេរីឆ្នាំ២០១២ ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះ រឿន គឹមលី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត និងមានអ្នករួមដំណើរ ២នាក់ទៀត ជាប្អូនស្រីឈ្មោះ រឿន គឹមលាភ អាយុ ១៤ឆ្នាំ និងប្អូនប្រុសម្នាក់ទៀតឈ្មោះ រឿន លីហូវ អាយុជាង ២ឆ្នាំ។
ចំណែកភាគីរ៉ឺម៉កម៉ូតូនិយាយថា ភាគីគេមានគ្នា ៤ នាក់ ជាកម្មករទើបមកពីរៀបពិដានផ្ទះឲ្យគេនៅភូមិអណ្ដូងថ្មមាស សង្កាត់កើតហេតុ បើកបរដោយឈ្មោះ មុំ នួន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិមិត្តភាព ជាមួយជនរងគ្រោះ។ ដោយឡែកម៉ូតូអស់សាំង ហើយឲ្យអ្នករួមដំណើរឈរពីក្រោយចុចទូរស័ព្ទជាសញ្ញា ក៏ត្រូវម៉ូតូជនរងគ្រោះបោះពួយពីទិសខាងកើតស្របទិសបុកតែម្ដង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាននគរបាលចរាចរក្រុង ទំនាក់ទំនងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត មកដឹកយកទៅព្យាបាល ចំណែកម៉ូតូជនរងគ្រោះ និងរ៉ឺម៉កម៉ូតូ ត្រូវនគរបាលចរាចរនាំយកទៅរក្សាទុកនៅអធិការនគរបាលក្រុង ដើម្បីធ្វើការដោះស្រាយ៕